(វ៉ាស៊ីនតោន)៖ អ៊ុយក្រែន បានបង្ហាញពីបញ្ជីអាវុធចុងក្រោយដែលខ្លួនចង់បានពីសហរដ្ឋអាមេរិក ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៉ី ក្នុងនោះ រួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD យន្តហោះចម្បាំង F-18 យន្ដហោះដ្រូន ឧទ្ធម្ភាគចក្រ Apache និង Blackhawk។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើឯកសារបញ្ជីអាវុធដែលខ្លួនបានមើលឃើញ បានឱ្យដឹងទៀតថាក្រុមមន្ត្រីមកពីក្រសួងការពារជាតិ អ៊ុយក្រែន បានធ្វើបទបង្ហាញពីបញ្ជីឈ្មោះអាវុធ ដើម្បីបំពេញតម្រូវការចំាបាច់របស់កងកម្លាំងអ៊ុយក្រែន អំឡុងសម័យប្រជុំបិទទ្វារនៃសន្និសីទមួយក្នុង ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយមានការចូលរួមពីក្រុមមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រុមហ៊ុនផលិតអាវុធអាមេរិក។

ក្នុងបញ្ជីអាវុធទាំងនោះក៏មានផងដែរនូវអាវុធដែលអ៊ុយក្រែនទទួលបានរួចទៅហើយ ដូចជារថក្រោះ Abrams គ្រាប់កំាភ្លើងធំ១៥៥មីលីម៉ែត្រ រួមទាំង យន្ដហោះចម្បាំង F-16 យន្ដហោះដ្រូន និងមីស៊ីលចម្ងាយឆ្ងាយ ATACMS ដែលទីក្រុងកៀវធ្លាប់ទទូចសុំនាពេលកន្លងមក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល នោះគឺក្នុងបញ្ជីអាវុធដែលអ៊ុយក្រែនស្នើសុំ មានយន្ដហោះដឹកជញ្ជូនខ្នាតធំ C-17 Globemaster ផលិតដោយក្រុមហ៊ុន Boeing យន្តហោះ C-130 Super Hercules របស់ក្រុមហ៊ុន Lockheed Martin ឧទ្ធម្ភាគចក្រ Apache របស់ក្រុមហ៊ុន Boeing និងឧទ្ធម្ភាគចក្រ Blackhawk ផលិតដោយ ក្រុមហ៊ុន Sikorsky ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lockheed Martin។

កាន់តែអស្ចារ្យជាងនេះទៅទៀត អ៊ុយក្រែនមិនបានបញ្ឈប់ត្រឹមហ្នឹងទេ ដោយបានទទូចសុំអាវុធទំនើបៗផ្សេងទៀតផងដែរដូចជាយន្ដហោះចម្បាំង F-18 យន្ដហោះដ្រូនទាំង៣ ប្រភេទផលិតដោយក្រុមហ៊ុន General Atomics ក្នុងនោះរួមមានយន្ដហោះដ្រូ MQ-9B Sky Guardian ព្រមទាំងប្រព័ន្ធមីស៊ីល ការពារដែនអាកាស THAAD ផលិតដោយក្រុមហ៊ុន Lockheed។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន​ បាននិយាយថាជ័យជម្នះរបស់អ៊ុយក្រែន គឺជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់លោក ខណៈលោកផ្ទាល់កំពុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្តែ ជំនួយយោធាសម្រាប់ អ៊ុយក្រែនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៅចំពោះមុខការប្រឆាំងជំទាស់ពីសមាជិកតំណាងរាស្ត្រមួយចំនួនមកពីគណបក្សសាធារណរដ្ឋ៕

រូបភាពពី Reuters