(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី៦ ខែធ្នូ បានទទូចឱ្យសមាជិកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ គាំទ្រដល់ការអនុម័តបញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ភ្ជាប់ជាមួយការព្រមានថាប្រសិនបើរុស្ស៉ីទទួលបានជ័យជម្នះលើអ៊ុយក្រែន នោះវានឹង ក្លាយជាការជំរុញលើកទឹកចិត្តឱ្យទីក្រុងមូស្គូ បើកការវាយប្រហារលើសមាជិក NATO ណាមួយនៅពេលអនាគត ដែលនឹងបង្ខំឱ្យកងទ័ពអាមេរិក ចូលរួមក្នុងសង្រ្គាមដោយផ្ទាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន កើតឡើងចំពេលសហរដ្ឋអាមេរិក មានផែនការប្រកាសពីការផ្ដល់ជំនួយយោធាថ្មីទំហំ ១៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ តាមរយៈការលើកឡើងនេះ លោក បៃដិនក៏បានបង្ហាញដែរពីចេតនាធ្វើសម្បទានពាក់ព័ន្ធនឹងគោលនយោបាយ អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក នៅតាមបណ្ដោយព្រំដែនជាប់ជាមួយម៉ិកស៉ិក ដើម្បីទាក់ទាញការគាំទ្រពីអ្នកសាធារណរដ្ឋ។

តាមលោក ចូ បៃដិន ប្រសិនបើរុស្ស៉ីទទួលបានជ័យជម្នះលើអ៊ុយក្រែន លោក ពូទីន នឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែននោះទេ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើលោក ពូទីន ទទួលបានជ័យជម្នះលើអ៊ុយក្រែន លោកនឹងមិនបញ្ឈប់នៅត្រឹមទីនោះឡើយ។ លោក ពូទីន នឹងវាយប្រហារលើសម្ព័ន្ធមិត្ត NATO ណាមួយ ហើយបើរឿងបែបនេះកើតឡើងមែន នោះកងទ័ពអាមេរិកនឹងត្រូវប្រយុទ្ធដោយផ្ទាល់ជាមួយកងទ័ពរុស្ស៉ី ។ ដូច្នេះយើងមិនអាចឱ្យលោក ពូទីន ឈ្នះនោះទេ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក បៃដិន បានបង្កការខឹងសម្បារដល់ទីក្រុងមូស្គូ ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA បានដកស្រង់សម្ដី ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov ដែលបាននិយាយថាការអត្ថាធិប្បាយរបស់លោក បៃដិន ពីលទ្ធភាពនៃ ការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី គឺជាវោហាសាស្ត្របង្ករឿងមិនអាចទទួលយកបាន ចំពោះមហាអំណាចនុយក្លេអ៊ែរមួយប្រកបដោយការ ទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធនោះដែរ សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ បានរាំងខ្ទប់សេចក្ដីព្រាងច្បាប់មួយគាំទ្រដោយគណបក្សប្រជាធិបតេយ្យដែល មានបំណងអនុម័តការផ្ដល់ជំនួយយោធាថ្មីរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល និងសម្រាប់ដោះស្រាយបញ្ហាអន្តរជាតិ ដោយបញ្ជាក់ថា ពួកគេចង់ឱ្យមានការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍នៅតាមតំបន់ព្រំដែន ជាបញ្ហាមួយដែលគណបក្សធំៗទាំង២របស់សហរដ្ឋអាមេរិក នៅមិនទាន់អាចរកច្រកចេញបាន។ សេតវិមានក្នុងសប្ដាហ៍នេះក៏បានព្រមានដែរថាសហរដ្ឋអាមេរិក កំពុងជិតអស់ថវិកាសម្រាប់ជួយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី៕

រូបភាពពី Reuters