(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃពុធសប្តាហ៍នេះ បានចេញមុខព្រមានដល់ក្រុមប្រឹក្សាសន្តិសុខ អំពីការគំរាមកំហែងជាសកលដែលអាចកើតចេញពីសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈបណ្តាប្រទេសអារ៉ាប់ព្យាយាមប្រើប្រាស់ការព្រមាននេះ ជំរុញដល់ក្រុមប្រឹក្សាសន្តិសុខឲ្យធ្វើការអំពាវនាវរកបទឈប់បាញ់ថ្មីមួយទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

លោក Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសារលិខិតមួយថា «សង្រ្គាម អាចនឹងធ្វើឲ្យការគំរាមកំហែងដែលមានស្រាប់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ កាន់តែធ្ងន់ធ្ងរឡើង។ យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនូវប្រព័ន្ធមនុស្សធម៌។ ផលប៉ះពាល់សម្រាប់ប៉ាឡេស្ទីនមិនអាចត្រឡប់ក្រោយបានទេ ហើយថែមទាំងចំពោះសន្តិសុខក្នុងតំបន់ផងដែរ ដូចនេះយើងអំពាវនាវជាថ្មីម្តងទៀតឲ្យមានបទឈប់បាញ់មនុស្សធម៌»។

អេមីរ៉ាតអារ៉ាប់រួម បានដាក់សេចក្តីព្រាងដំណោះស្រាយខ្លីមួយជូនក្រុមប្រឹក្សាសន្តិសុខ UN ដែលមានខ្លឹមសារគាំទ្រលើលិខិតរបស់ លោក Guterres ដោយទាមទាររក «បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់» នៅក្នុងជម្លោះរវាងអ៉ីស្រាអែល-ហាម៉ាស។ ក្រុមអ្នកការទូតនិយាយថា អេមីរ៉ាតអារ៉ាប់រួម មានគោលបំណងនាំយកសេចក្តីព្រាងដំណោះស្រាយនេះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃសុក្រ ជាពេលដែល លោក Guterres ត្រូវធ្វើបទបង្ហាញស្តីពីតំបន់ហ្គាហ្សា។ សេចក្តីព្រាងដំណោះស្រាយនេះទទួលបានគាំទ្រពីក្រុមប្រទេសអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម (OIC) ព្រោះវាជាភាពចាំបាច់ខាងផ្នែកសីលធម៌ និងមនុស្សធម៌ ហើយជំរុញដល់ប្រទេសទាំងអស់គោរពតាមការអំពាវនាវពីប្រមុខ UN។

គួរបញ្ជាក់ថា ដើម្បីអនុម័តលើដំណោះស្រាយមួយ ត្រូវការការគាំទ្រយ៉ាងតិច ៩សំឡេង ហើយគ្មានការវេតូពីសំណាក់សមាជិកអចិន្ត្រៃយ៍ទាំង ៥ គឺសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង ឬអង់គ្លេស៕

រូបភាពពី Reuters