(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាសហរដ្ឋអាមេរិកនឹងជំទាស់ទៅនឹងរាល់សំណើបង្កើតតំបន់ ទ្រនាប់ការពារ នៅក្នុងតំបន់ហ្កាហ្សា ពីព្រោះថាការធ្វើបែបនេះនឹងបំពានលើគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ដែលប្រកាន់ខ្ជាប់ថាទំហំនៃតំបន់ហ្កាហ្សា មិនអាចត្រូវបានកាត់បន្ថយទៀតនោះទេ ក្រោយសង្រ្គាមបច្ចុប្បន្នបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃពុធ ទី៦ ខែធ្នូ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Matthew Miller បានបញ្ជាក់ថានៅក្នុងចំណោមគោលការណ៍ របស់សហរដ្ឋអាមេរិកសម្រាប់អនាគតនៃតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងការជំទាស់ទៅនឹងរាល់ការបន្ថយចំនួនដង់ស៊ីតេប្រជាជននៃតំបន់ហ្កាហ្សា។ «ដូច្នេះប្រសិនបើមានសំណើ ឬការបង្កើតតំបន់ទ្រនាប់ការពារណាមួយក្នុងតំបន់ហ្កាហ្សា នោះវានឹងក្លាយជាការបំពានលើគោលការណ៍ទាំងនេះ ហើយនេះ ជារឿងដែលយើងប្រឆាំងជំទាស់»។ នេះជាការបញ្ជាក់របស់លោក Miller ជាមួយការបន្ថែមថាបើតំបន់ទ្រនាប់ការពារត្រូវបានបង្កើតឡើងក្នុងទឹកដី អ៉ីស្រាអែល វាមិនមែនជាបញ្ហាចោទឡើយ ដ្បិតវាជាការសម្រេចចិត្តរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Matthew Miller កើតមានឡើង បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters​ កាលពីសប្ដាហ៍មុនបានរាយការណ៍ថា អ៉ីស្រាអែលបានជូនដំណឹងដល់បណ្ដារដ្ឋអារ៉ាប់ជាច្រើនថាខ្លួនចង់បង្កើតតំបន់ទ្រនាប់ការពារមួយ នៅលើទឹកដីប៉ាឡេស្ទីននៃផ្នែកជាប់ព្រំដែនហ្កាហ្សា ដើម្បី បង្ការឱ្យកុំការវាយប្រហារដូចកាលពីថ្ងៃទី៧ ខែតុលា កើតឡើងជាថ្មីម្ដងទៀត ក្រោយសង្រ្គាមបិទបញ្ចប់៕

រូបភាពពី Reuters