(រីយាដ)៖ អារ៉ាប៊ីសាអូឌីតបានស្នើដល់សហរដ្ឋអាមេរិក បន្តអត់ធ្មត់ក្នុងការឆ្លើយតបចំពោះការវាយប្រហារដោយក្រុមហ៊ូទីរបស់យេម៉ែន ប្រឆាំងនឹងកប៉ាល់ដឹកទំនិញនៅឯសមុទ្រក្រហម ខណៈដែលទីក្រុងរីយាដ ព្យាយាមទប់ស្កាត់ការបំផ្លិចបំផ្លាញចេញពីសង្គ្រាមអ៉ីស្រាអែល-ហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

បើតាមប្រភពចំនួន ២ដែលជិតស្និទ្ធនឹងអារ៉ាប៊ីសាអូឌីត សារអំនាវនាវឲ្យមានការអត់ធ្មត់របស់ទីក្រុងរីយាដទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺមានគោលបំណងបញ្ចៀសភាពតានតឹងបន្ថែមទៀត។ រហូតមកដល់ពេលនេះ អារ៉ាប៊ីសាអូឌីតពេញចិត្តនឹងវិធីសាស្រ្តដែលសហរដ្ឋអាមេរិកកំពុងប្រើ ដើម្បីដោះស្រាយស្ថានភាព។ ជុំវិញព័ត៌មាននេះ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់មានការឆ្លើយតបចំពោះសារអ៉ីម៉ែលដើម្បីសុំការបញ្ជាក់នោះទេ រីឯសេតវិមាន បានបដិសេធក្នុងការអត្ថាធិប្បាយ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានហក់ចូលទៅក្នុងជម្លោះដែលកំពុងរាលដាលនៅជុំវិញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ដោយការវាយប្រហារទៅលើកប៉ាល់ដឹកទំនិញនៅក្នុងផ្លូវដឹកជញ្ជូនសំខាន់ៗ ក៏ដូចជាការបាញ់យន្តហោះដ្រូន និងមីស៉ីលទៅកាន់អ៉ីស្រាអែល៕

រូបភាពពី Reuters