(បាងកក)៖ ក្រសួងការបរទេសថៃ នៅថ្ងៃសុក្រនេះ បាននិយាយថា ថៃនឹងរួមគ្នាបង្កើតកុ្រមការងារពិសេសមួយ ជាមួយមីយ៉ាន់ម៉ា ដែលកំពុងហែកហួរដោយជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជន ដែលព្រាត់ប្រាស​ពីផ្ទះសម្បែង ដោយសារតែការប្រយុទ្ធគ្នា ហើយវាក៏នឹងអាចត្រូវពង្រីកបន្ថែម ដើម្បីសហការជាមួយ ទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀត​ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ បានបន្តថា ប្រទេសថៃសង្ឃឹមថាផែនការខាងលើ នឹងនាំទៅរកការធ្វើប្រាស្រ័យទាក់ទង​ប្រកបដោយភាពស្ថាបនា រវាងរបបយោធាមីយ៉ាន់ម៉ា អាស៊ាន និងសហគមន៍អន្តរជាតិ។ ក្រសួងការបរទេសថៃ បាននិយាយយ៉ាងដូច្នេះថា «ភាគីមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗខាងមុខ នឹងបញ្ជូនក្រុមការងារមកកាន់ប្រទេសថៃ ដើម្បីពិភាក្សាលម្អិតលើរឿងនេះ ហើយបើដំណាក់កាលដំបូងនៃការអនុវត្តទទួលជោគជ័យ ទីភ្នាក់ងារផ្តល់ជំនួយដទៃទៀត ក៏ប្រហែលនឹងអាចត្រូវអញ្ជើញឱ្យចូលរួមចំណែកដើរតួនាទី នាពេលអនាគតផងដែរ»។ ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើង អំលុងកិច្ចពិភាក្សា រវាងរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា លោក Than Swe និង​រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara អំលុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅប្រទេសចិន។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្លាំង នៅតំបន់ព្រំប្រទល់មីយ៉ាន់ម៉ា ស្របពេលដែលសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច នៅក្នុងប្រទេសអាស៊ានមួយនេះ បានសហការគ្នាបើកការវាយប្រហារ ប្រឆាំងនឹងកងកម្លាំងរបស់របបយោធា។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សសរុបកើនដល់ជាង៣០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងពួកគេ ដោយសារការប្រយុទ្ធគ្នា គិតចាប់តាំងពីសកម្មភាពវាយលុក របស់ក្រុមចលនាប្រដាប់អាវុធទាំងនោះ បានចាប់ផ្តើមកាលពីចុងខែតុលា។ ភាពវឹកវរនេះ គឺជាបញ្ហាប្រឈមផ្នែកយោធាធំបំផុត សម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ហើយវាបានបង្កឱ្យ​មានក្តីព្រួយបារម្ភ ក្នុងចំណោមប្រទេសចិននិងថៃ ស្តីពីលំហូរជនភៀសខ្លួន៕

រូបភាពពី Reuters