(ញូវយ៉ក)៖ នាថ្ងៃសុក្រនេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងជួបប្រជុំគ្នាស្តីពីវិបត្តិសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ក្រោយមានការទទូចជាខ្លាំងពីអគ្គលេខាធិការ UN លោក Antonio Guterres ហើយនឹងបោះឆ្នោតលើសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសារលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Guterres បានប្រើចំណាត់ការវិសាមញ្ញមួយក្រោម​មាត្រា៩៩ នៃរដ្ឋធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ដែលចែងថា អគ្គលេខាធិការ UN មានសិទ្ធិទទូចឱ្យក្រុមប្រឹក្សាសន្តិសុខពិភាក្សាលើ​បញ្ហាទាំងឡាយណា ដែលលោកយល់ឃើញថា អាចគំរាមកំហែងចំពោះការរក្សាសន្តិភាព និងសន្តិសុខរបស់អន្តរជាតិ។ រាប់ទសវត្សរ៍មកហើយ ពុំមានប្រមុខ UN ណា ធ្លាប់ធ្វើយ៉ាងដូច្នោះទេ។ លោក Guterres បានអំពាវនាវឱ្យមាន «បទឈប់បាញ់ក្រោមបុព្វហេតុមនុស្សធម៌» ដើម្បីទប់ស្កាត់ «មហន្តរាយដែលជះផលវិបាកមិនអាចប្រែក្រឡាស់វិញបាន សម្រាប់ប្រជាជនប៉ាឡេស្ទីន និងតំបន់មជ្ឈិមបូព៌ាទាំងមូល»។

អ្នកនាំពាក្យ UN លោក Stephane Dujarric បានបង្ហាញក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខ នឹងយល់ព្រមធ្វើតាមការទទូចរបស់លោក Guterres។ បើតាមលោក Dujarric គិតចាប់តាំងពីថ្ងៃពុធមក លោកអគ្គលេខាធិការ UN បានជជែកជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក David Cameron ព្រមទាំងប្រមុខការទូតនៃប្រទេសមួយចំនួនផ្សេងទៀត។

អេមីរ៉ាត់អារ៉ាប់រួម បានរៀបចំសេចក្តីសម្រេចព្រាងមួយ ដែលនឹងត្រូវដាក់ឱ្យក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតនាថ្ងៃសុក្រនេះ។ សេចក្តីព្រាងនោះ បានហៅស្ថានការណ៍មនុស្សធម៌នៅតំបន់ Gaza ថាមានលក្ខណៈមហន្តរាយ និងទាមទារឱ្យមានបទឈប់បាញ់ ក្រោម​បុព្វហេតុមនុស្សធម៌ជាបន្ទាន់។ ទន្ទឹមគ្នា ក្នុងនោះក៏មានការអំពាវនាវផងដែរ ឱ្យមានការការពារជនស៉ីវិល ការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងការបើកឱ្យជំនួយមនុស្សធម៌ចូលទៅកាន់ Gaza។ យ៉ាងណាមិញ លទ្ធផលនៃការបោះឆ្នោតលើសេចក្តីសម្រេចនោះ គឺនអាចដឹងច្បាស់ឡើយ ដ្បិតសេចក្តីសម្រេច៤មុន ដែលត្រូវបានដាក់ឱ្យបោះឆ្នោត គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង គឺត្រូវបានបដិសេធទាំងអស់ ដោយក្រុមប្រឹក្សាសន្តិសុខ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបាននិងកំពុងបន្តធ្វើសង្រ្គាម ដើម្បីកម្ទេចក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza Strip ចាប់តាំងតែពីថ្ងៃទី៧ ខែតុលាមក នៅពេលដែលហាម៉ាស បានបញ្ជូនខ្មាន់កាំភ្លើងឱ្យចូលលុកលុយអ៉ីស្រាអែល សម្លាប់មនុស្ស១,២០០នាក់ និងចាប់ចំណាប់ខ្មាំងរាប់រយនាក់។ បើតាមអ៉ីស្រាអែល នៅមានចំណាប់ខ្មាំង១៣៨នាក់ទៀត ដែលកំពុងបន្តស្ថិតនៅតំបន់ Gaza បន្ទាប់ពី​ជាង១០០នាក់ ត្រូវបានក្រុមហាម៉ាសដោះលែង អំលុងការផ្អាកប្រយុទ្ធគ្នារយៈពេល៧ថ្ងៃ កាលពីខែវិច្ឆិកា។ សង្រ្គាមរវាងអ៉ីស្រាអែល និង​ហាម៉ាស នាពេលនេះបានឈានដល់ខែទី៣ហើយ ខណៈចំនួនមនុស្សស្លាប់នៅ Gaza បានកើនលើស១៧,១០០នាក់៕

រូបភាពពី AFP