(សេអ៊ូល)៖ ក្រុមហ៊ុនឯកជនកូរ៉េខាងត្បូង Hanwha Aerospace បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចុះកិច្ចសន្យាជាមួយប្រទេសអូស្រ្តាលី ដើម្បីផ្គត់ផ្គង់រថពាសដែក Redback សរុបចំនួន១២៩គ្រឿង នៅត្រឹមឆ្នាំ២០២៨ ក្នុងកិច្ចព្រមព្រៀងមួយ មានទំហំ៣.១៦ទ្រីលានវ៉ុន ឬស្មើនឹង២.៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

ការចុះកិច្ចព្រមព្រៀងខាងលើកើតមានឡើង ក្រោយអូស្រ្តាលីបានសម្រេចជ្រើសរើសយកក្រុមហ៊ុន Hanwha ជាអ្នកដេញថ្លៃនាំមុខគេ កាលពីខែកក្កដា ឆ្នាំនេះ សម្រាប់គម្រោងមួយដែលមានតម្លៃរហូតដល់ ៧ពាន់លានដុល្លារអូស្រ្តាលី (៤.៦២ពាន់លានដុល្លារអាមេរិក) ហើយអូស្រ្តាលី​បានអះអាងថា វាជាការវិនិយោគដ៏ធំបំផុតមួយ នៅក្នុងសមត្ថភាពយោធានៃប្រទេសរបស់ខ្លួន។ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា រថពាសដែកកូរ៉េខាងត្បូងទាំងនោះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពកងទ័ព និងសមត្ថភាពការពារជាតិរបស់ប្រទេសអូស្រ្តាលី។

គួរបញ្ជាក់ថា រថពាសដែក Redback នឹងត្រូវផលិតឡើង នៅឯរោងចក្ររបស់ក្រុមហ៊ុន Hanwha ស្ថិតក្នុងទីក្រុង Geelong នៃរដ្ឋ Victoria របស់អូស្រ្តាលី ហើយរថពាសដែកក្រុមដំបូង ត្រូវគេរំពឹងថានឹងប្រគល់ឱ្យទៅយោធាអូស្រ្តាលី នៅឆ្នាំ២០២៧៕

រូបភាពពីក្រសួងការពារជាតិអូស្រ្តាលី