(កៀវ)៖ អ៊ុយក្រែនបានស្នើដល់អ្នកស្រុកឲ្យសន្សំសំចៃអគ្គិសនី បន្ទាប់ពីរោងចក្រថាមពលនៅក្បែរតំបន់ជួរមុខ រងនូវការវាយប្រហារដោយគ្រាប់ផ្លោង ដែលជាការព្រមានលើកដំបូងក្នុងរដូវរងានេះ ខណៈអាកាសធាតុចុះត្រជាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងថាមពលអ៊ុយក្រែន បានឲ្យដឹងថា រសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ខ្មាំងសត្រូវ (រុស្ស៉ី) បានវាយប្រហារលើរោងចក្រថាមពលកំដៅមួយនៅតំបន់ជួរមុខ។ គ្រឿងបរិក្ខារត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់ផ្លោងនោះ។ ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ ចូលរួមជួយដល់ក្រុមការងារវិស្វកម្មថាមពល ដោយការប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ ជាពិសេសក្នុងអំឡុងម៉ោងដែលមានតម្រូវការប្រើប្រាស់ច្រើន។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmygal បានបញ្ជាក់ថា «រដ្ឋាភិបាល និងខាងឧស្សាហ៍កម្មអគ្គិសនី ឥឡូវនេះកំពុងអំពាវនាវឲ្យគ្រប់គ្នា កាត់បន្ថយការប្រើប្រាស់អគ្គិសនី ជាពិសេសចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់»។

គួរបញ្ជាក់ថា ក្រុមមន្រ្តីអ៊ុយក្រែន បានចេញការព្រមានជាច្រើនខែមកហើយ ថារុស្ស៉ីនឹងបង្កើនការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បន្ទាប់ពីមានការវាយប្រហារលើបណ្តាញអគ្គិសនីកាលពីឆ្នាំ២០២២ ធ្លាប់បណ្តាលឲ្យដាច់ចរន្តអគ្គិសនី៕

រូបភាពពី AFP/strong>