(ប៉េកាំង)៖ “នៅមជ្ឈមណ្ឌលរថយន្តអគ្គិសនីមួយរបស់ប្រទេសចិន វិស្វករទាំងឡាយនៃក្រុមហ៊ុនរថយន្ត Volkswagen របស់អាល្លឺម៉ង់កំពុងស្វែងរកការបំផុសគំនិតនិងបទពិសោធន៍ ដើម្បីស្វែងយល់ពីតើធ្វើយ៉ាងម៉េចទើបអាចពន្លឿនល្បឿនផលិតកម្ម ។ ”ពេលថ្មីៗកន្លងទៅនេះ វេបសាយនៃកាសែត《The Wall Street Journal 》 របស់អាមេរិកបានចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា 《សហគ្រាសរថយន្តប្រទេសប៉ែកខាងលិចរៀនសូត្រ និងដេញតាមសហគ្រាសរថយន្តអគ្គិសនីរបស់ចិន》បានពិពណ៌នាអំពីទិដ្ឋភាពដូចពោលខាងលើ។

ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ចំនួនលក់ដូររថយន្តថាមពលថ្មីរបស់ចិនបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក។ នេះជារូបភាពមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសចិនដ៏ផុលផុស។ បើឈរលើមុំអន្តរជាតិ អ្នកផងទាំងពួងនឹងយល់ច្បាស់ ពីសេដ្ឋកិច្ចរបស់ចិន ថែមមួយកម្រិតទៀត។ ល្បឿនកំណើនសេដ្ឋកិច្ចជាសន្ទស្សន៍ ដែលយើងអាចមើលឃើញដោយផ្ទាល់។ ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ចិនបានកើនឡើង៥,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ ក្នុងពេលដំណាលគ្នា ល្បឿនកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូគឺ២,៤ភាគរយនិងប្រហែល០,៥ភាគរយ ដោយឡែកពីគ្នា។ “សេដ្ឋកិច្ចរបស់ចិនកើនឡើង៥ភាគរយ មានគេនិយាយថា ជិតនឹងដួលរលំហើយ តែសេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើង ២ភាគរយ គេបែរជានិយាយថាប្រកបដោយវិបុលភាពទៅវិញ។ ”ចំពោះមតិដែលគ្មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចរបស់ចិនទាំងនោះ លោក Neil Bush ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិទំនាក់ទំនងរវាងអាមេរិកនិងចិន George Bush មិនឯកភាពទេ។ នេះបានតំណាងមតិរបស់ឥស្សរជននិងអង្គការអន្តរជាតិជាច្រើន។

ពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ចបានដំឡើង ការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនឆ្នាំ២០២៣ ឡើងដល់៥,៤ភាគរយនិង៥,២ភាគរយ។ អង្គការពាណិជ្ជកម្មជាច្រើនដូចជា ក្រុមហ៊ុន JP Morgan ក្រុមហ៊ុន Morgan Stanley និងក្រុមសាជីវកម្ម Citi ជាដើមក៏បានដើរតាមបន្តទៀត ដែលសុទ្ធតែដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនឆ្នាំនេះលើសពី៥ភាគរយ ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានព្យាករណ៍ថា អត្រារួមចំណែកនៃសេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំនេះនឹងលើសពី៣០ភាគរយ។ តើអនាគតសេដ្ឋកិច្ចរបស់ចិននឹងមានសភាពយ៉ាងណា? អង្គការអន្តរជាតិភាគច្រើនសុទ្ធតែបានផ្តល់ការវិនិច្ឆ័យជាឯកច្ឆ័ន្ទ។

ក្រឡេកមកមើលសហគ្រាសពហុជាតិវិញ ពីខែមករាដល់ខែតុលាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសថ្មីដែលវិនិយោគទុន ដោយសហគ្រាសបរទេសចំនួន៤១៩៤៧ ដែលបានកើនឡើង៣២,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងចក្ខុវិស័យនៃសហគ្រាសពហុជាតិជាច្រើន “ធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន”គឺមានន័យថា ងាយស្រួល ។ ឧស្សាហកម្មផលិតកម្មរបស់ចិនមានប្រភេទឧស្សាហកម្មច្រើនបំផុត និងប្រព័ន្ធឧស្សាហកម្មពេញលេញបំផុតលើទូទាំងពិភពលោក ហើយទ្រង់ទ្រាយឧស្សាហកម្មផលិតកម្មរបស់ចិន បានកាន់លំដាប់ថ្នាក់ទី១លើពិភពលោក ក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ចិនបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញឈានមុខគេ លើពិភពលោកក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ បរិមាណសរុបនៃបុគ្គលិកសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របស់ចិន បានរក្សាចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ដែលបានបំផុសកម្លាំងច្នៃប្រឌិតថ្មីជាបន្តបន្ទាប់។

ក្រៅពីនេះ ការវិនិយោគផ្ទាល់នៅប្រទេសចិនពីប្រទេសអភិវឌ្ឍន៍មួយចំនួន បានកើនឡើងជាច្រើន។ ពីខែមករាដល់ខែតុលាឆ្នាំនេះ ការវិនិយោគជាក់ស្តែងចំពោះប្រទេសចិនរបស់ប្រទេសកាណាដា អង់គ្លេស បារាំង ស្វីសនិងហូឡង់បានកើនឡើង១១០,៣ភាគរយ ៩៤,៦ភាគរយ ៩០ភាគរយ ៦៦,១ភាគរយ និង៣៣ភាគរយដោយឡែកពីគ្នា ។ អ្វីដែលកាន់តែសំខាន់គឺ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនមិនត្រឹមតែជា “រោងចក្រពិភពលោក”ប៉ុណ្ណោះទេ។ ចិនកំពុងក្លាយជា “អ្នកនាំផ្លូវ” ក្នុងវិស័យការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចឌីជីថលជាដើម ក៏ដូចជាបាននាំមកនូវកម្លាំងចលករថ្មី ដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

បើឈរលើមុំអន្តរជាតិ មជ្ឈដ្ឋានខាងក្រៅមើលកាន់តែច្បាស់ចំពោះសេដ្ឋកិច្ចរបស់ចិន។ យ៉ាងណាក៏ដោយ ការប្រកាន់ទុទិដ្ឋិនិយម ចំពោះប្រទេសផ្សេងទៀត មិនអាចនាំឱ្យខ្លួនឯងរីកចម្រើនកាន់តែល្អប្រសើរនោះទេ ចិនអភិវឌ្ឍន៍ជានិរន្តរភាព ពិភពលោកទើបអាចកាន់តែមានវិបុលភាព៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន