(តៃប៉ិ)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បាននិយាយថា អនាគតរដ្ឋាភិបាលថ្មីនៃប្រទេសក្វាតេម៉ាឡា បានធានាអះអាងថា ខ្លួនមានបំណងនៅរក្សាទំនាក់ទំនងផ្លូវការ ជាមួយដែនកោះនេះដូចដើមដដែល ខណៈសម្ព័ន្ធមិត្តដែលមានចំនួនតិចស្រាប់របស់ទីក្រុងតៃប៉ិ បានងាកទៅរកទីក្រុងប៉េកាំងម្តងមួយៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

គិតត្រឹមឥឡូវ នៅសល់ប្រទេសត្រឹមតែ១៣ប៉ុណ្ណោះ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ហើយភាគច្រើននៃប្រទេសទាំងនោះ ស្ថិតនៅតំបន់អាមេរិកកណ្តាល តំបន់សមុទ្រការីបង់ និងមហាសមុទ្រប៉ាស៉ីហ្វិក។ ការមានរដ្ឋាភិបាលថ្មីនៅតាមប្រទេសទាំងអស់នោះ តែងតែជាក្តីបារម្ភមួយចំពោះទីក្រុងតៃប៉ិ ព្រោះពួកគេតែងតែថ្លឹងថ្លែងថា តើគួរនៅរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ ឬក៏ងាកទៅបង្កើតទំនាក់ទំនងជាមួយចិន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះ ប្រមុខការទូតតៃវ៉ាន់ លោក Joseph Wu បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតតៃវ៉ាន់នៅក្វាតេម៉ាឡា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេ ប្រចាំតំបន់អាមេរិកកណ្តាល បានជួបសន្ទនាជាមួយក្រុមបុគ្គលជាន់ខ្ពស់ នៅក្នុងអនាគតរដ្ឋបាលរបស់​ប្រធានាធិបតីជាប់ឆ្នោត លោក Bernardo Arevalo ហើយទទួលបានការធានាអះអាងថា ពួកគេនឹងនៅរក្សាទំនាក់ទំនង​ជាមួយតៃវ៉ាន់ ដូចដើមដដែល។

គួរបញ្ជាក់ថា យ៉ាងណាមិញ អំលុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក Arevalo ធ្លាប់បាននិយាយថា រូបលោកនឹងព្យាយាមធ្វើ​ឱ្យទំនាក់ទំនងពាណិជ្ជកម្ម របស់ក្វាតេម៉ាឡាជាមួយចិន មានភាពជិតស្និទ្ធជាងមុន ប្រសិនបើជាប់ឆ្នោត។ ដោយឡែក កាលពីខែមីនា ឆ្នាំនេះ ហុងឌូរ៉ាសដែលស្ថិតនៅតំបន់អាមេរិកកណ្តាលដែរនោះ បានបញ្ចប់ទំនាក់ទំនងរយៈពេលរាប់ទសវត្សរ៍របស់ខ្លួនជាមួយទីក្រុងតៃប៉ិ ដើម្បីងាកទៅចាប់ទីក្រុងប៉េកាំងវិញ ក្រោយការជាប់ឆ្នោតកាលពីចុងឆ្នាំ២០២១ នៃប្រធានាធិបតីលោកស្រី Xiomara Castro៕

រូបភាពពី Reuters