(បាកដាដ)៖ អ្នកនាំពាក្យស្ថានទូតអាមេរិក បាននិយាយថា ស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ ត្រូវបានវាយប្រហារដោយរ៉ុក្កែតចំនួនពីរគ្រាប់ កាលពីព្រឹកថ្ងៃសុក្រ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យរូបនេះ បាននិយាយថា ការវាយប្រហារនេះ ត្រូវបានគេជឿថា ធ្វើឡើងដោយកងជីវពលដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។ ទោះជាយ៉ាងណា គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗនោះទេ។

ការផ្ទុះមួយត្រូវបានឮនៅជិតស្ថានទូតអាមេិក ដែលស្ថិតនៅកណ្តាលរដ្ឋធានីអ៊ីរ៉ាក់នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺថ្ងៃសុក្រ។

នេះគឺជាការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើកដំបូង ដែលកំណត់គោលដៅលើស្ថានទូត ចាប់តាំងពីក្រុមជីវពលស៊ីអ៊ីតជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសជិតខាងស៊ីរីកាលពីពាក់កណ្តាលខែតុលា។

ក្រុមប្រដាប់អាវុធដែលប្រតិបត្តិការ នៅក្រោមបដានៃក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានភ្ជាប់ការវាយប្រហារបែបនេះជាង ៧០ ដងមកហើយ ទៅនឹងការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ីស្រាអែល ក្នុងការវាយប្រហារដ៏សាហាវរបស់ខ្លួនលើតំបន់ហ្គាហ្សា។

អ្នកនាំពាក្យស្ថានទូតបាននិយាយយ៉ាងដូច្នេះថា «យើងសូមអំពាវនាវម្ដងទៀតដល់រដ្ឋាភិបាលអ៊ីរ៉ាក់ ដូចដែលយើងបានអំពាចវនាវក្នុងឱកាសជាច្រើន ឲ្យធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចរបស់ខ្លួនដែលមាន ដើម្បីការពារបុគ្គលិក កន្លែងការទូត និងដៃគូចម្រុះ»។

គួរបញ្ជាក់ថា ក្រៅពីអ្នកការទូតនៅអ៊ីរ៉ាក់ សហរដ្ឋអាមេរិកមានទាហានប្រហែល ២,៥០០ នាក់នៅក្នុងប្រទេសមួយនេះ សម្រាប់ការផ្តល់ប្រឹក្សាយោធា និងជួយកងកម្លាំងក្នុងតំបន់
ដើម្បីព្យាយាមទប់ស្កាត់ការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដែលនៅក្នុងឆ្នាំ ២០១៤ បានដណ្តើមកាន់កាប់ទឹកដីដ៏ធំ នៃប្រទេសទាំងពីរមុនពេលត្រូវបានបង្ក្រាប៕

 

រូបភាពពី AFP