(ហ្កាហ្សា)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ខែទី២ហើយ ចាប់តាំងពីក្រុមហាម៉ាសបានបើកការវាយប្រហារលើភាគខាងត្បូង ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាមក ដោយសម្លាប់មនុស្ស១២០០នាក់ និងបានចាប់ខ្លួនមនុស្ស ២៤០នាក់ជាចំណាប់ខ្មាំង។ ជាការសងសឹក អ៉ីស្រាអែលបានទម្លាក់គ្រាប់បែក និងបាញ់កំាភ្លើងធំយ៉ាងសម្បើមអស្ចារ្យលើតំបន់ហ្កាហ្សា គួបផ្សំជាមួយការធ្វើសង្រ្គាមជើងគោកដែល បានសម្លាប់មនុស្សជាង ១៦,០០០នាក់ ក្នុងនោះមានជាង ៧,០០០នាក់ជាកុមារ។ នេះបើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា។ មិនតែប៉ុណ្ណោះ សូម្បីតែមន្ទីរពេទ្យ សាលារៀន និងជំរំជនភៀសខ្លួន ក្រោមការសម្របសម្រួលរបស់ UN ក៏រងការវាយប្រហារពីអ៉ីស្រាអែលផងដែរ។

លើសពីនេះទៅទៀត ជម្លោះការទូតឯណោះវិញក៏កាន់តែឡើងកម្ដៅខ្លាំងឡើងៗ ដោយការបោះឆ្នោតនៅ UN ការអត្ថាធិប្បាយជាសាធារណៈនានា និងដំណោះស្រាយការទូតក្នុងរយៈពេលជាង២ខែមកនេះ បានបង្ហាញពីការបែកបាក់គ្នាក្នុងសហគមន៍អន្តរជាតិ។

* បទឈប់បាញ់ និគមជន និងការបិទខ្ទប់
ពាក្យទាំង៣នេះ បានក្លាយជាចំណុចដ៏សំខាន់នៃការឈ្លោះប្រកែកគ្នារវាងបណ្ដាប្រទេសនានា នៅពេលពួកគេជជែកគ្នាពីសង្រ្គាមនៅហ្កាហ្សា។ ពិភពលោកមិនអាចរកចំណុចឯកភាពគ្នាថាតើគួរប្រើពាក្យ «បទឈប់បាញ់ ឬការផ្អាកការប្រយុទ្ធគ្នារយៈពេលខ្លួនក្រោមបុព្វហេតុមនុស្សធម៌» ឬក៏យ៉ាងណានោះទេ ដើម្បីពិពណ៌នាពីការបិទបញ្ចប់អំពើហិង្សា និងអរិភាពទាំងឡាយ។ ជាឧទាហរណ៍ ខណៈបណ្ដាប្រទេសជាច្រើននាំគ្នាហៅ «បទឈប់បាញ់» និងសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែលបែរជាហៅថា «ការផ្អាកការប្រយុទ្ធគ្នា»។

បើតាម UN ពាក្យថាបទឈប់បាញ់ គឺចង់សំដៅលើការបញ្ឈប់រាល់សកម្មភាពហិង្សាប្រឆាំងនឹងជនស៊ីវិល ខណៈ «ការផ្អាកការប្រយុទ្ធគ្នា» គ្រាន់តែជា ការផ្អាកបណ្ដោះអាសន្ននូវអរិភាពដើម្បីបុព្វហេតុមនុស្សធម៌ ក្រោមរយៈពេលខ្លីដែលត្រូវបានកំណត់តែប៉ុណ្ណោះ។ តាមការវិភាគរបស់កាសែត Al Jazeera លើសុន្ទរកថារបស់មេដឹកនាំពិភពលោកនៅឯ UN ៥៥ភាគរយនៃបណ្ដាប្រទេសទាំងអស់បានអំពាវនាវឱ្យមាន «បទឈប់បាញ់» ក្នុងតំបន់ហ្កាហ្សា។ ក្នុងចំណោមប្រទេសទាំងនេះរួមមានអាហ្សង់ទីន បែលហ្ស៉ិក ចិន ហ្គីយ៉ាន (Guyana) តួកគី និងវ៉េណេស៊ុយអេឡាជាដើម។ ចំណែក ២៣ភាគរយផ្សេងទៀតបានអំពាវនាវឱ្យការផ្អាកការប្រយុទ្ធគ្នាបណ្ដោះអាសន្នដើម្បីបុព្វហេតុមនុស្សធម៌ ក្នុងនោះរួមមានអូស្ត្រាលី កាណាដា ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ស្របពេល ២២ប្រទេសនៅសល់មិនបាននិយាយពីបញ្ហានេះនៅឯ UN នោះទេ។

បណ្ដាប្រទេសទាំងអស់ក៏មិនយល់ស្របគ្នានោះដែរ ចំពោះការហៅអ៉ីស្រាអែល ជានិគមជន ឬក៏ពិភាក្សាពីការបិទខ្ទប់លើតំបន់ហ្កាហ្សា និងការធ្វើអាណានិគមនៅតំបន់ West Bank និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត។ ៤៦ភាគរយនៃប្រទេសទាំងអស់បានប្រើពាក្យ «និគមជន» សំដៅលើអ៉ីស្រាអែល ឬក៏ហៅថាដែនដីប៉ាឡេស្ទីនត្រូវបានធ្វើអាណានិគម ខណៈ៥៤ភាគរយមិនបានប្រើប្រាស់ពាក្យទាំងនេះទេ ហើយមានតែ ២៣ភាគរយប៉ុណ្ណោះប្រើពាក្យការបិទខ្ទប់របស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ឬគុកឥតជញ្ជាំង និង៣០ភាគរយ បាននិយាយអំពីការតាំងទីលំនៅ ខុសច្បាប់របស់អ៉ីស្រាអែលលើដែនដីប៉ាឡេស្ទីន។

* តើប្រទេសទាំងអស់បោះឆ្នោតដូចមេ្ដចលើដំណោះស្រាយ UN?
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតលើដំណោះស្រាយចំនួន៥ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង ហើយក្នុងនោះបានបរាជ័យ ចំនួន ៤លើក ក្នុងការបោះឆ្នោតអនុម័តដំណោះស្រាយទាំងនេះ។ ក្នុងចំណោមសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ មាន៤ប្រទេសរួមមានបារាំង ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បោះឆ្នោតជំទាស់នឹងដំណោះស្រាយ UN ដំបូង ព្រាងដោយរុស្ស៉ីកាលពីថ្ងៃទី១៦ ខែតុលា ដោយសារតែ ដំណោះស្រាយនេះមិនបានហៅឈ្មោះ ឬថ្កោលទោសក្រុមហាម៉ាស។ ដំណោះស្រាយនេះក៏អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដែរ។

ក្រោយមកទៀត ដល់វេនប្រេស៊ីលម្ដងជាអ្នកព្រាងដំណោះស្រាយទី២ កាលពីថ្ងៃទី១៨ ខែតុលា។ ដំណោះស្រាយនេះបានថ្កោលទោសក្រុមហាម៉ាស និងអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នាដើម្បីបុព្វហេតុមនុស្សធម៌ និងទទួលបានការគាំទ្រលើសលប់។ ប៉ុន្តែ សហរដ្ឋអាមេរិកនៅតែមិនពេញចិត្ត និងបានបោះឆ្នោតវេតូលើដំណោះស្រាយរបស់ប្រេស៊ីល ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield អះអាងថា ដំណោះស្រាយនេះមិនបានលើកឡើងពី «សិទ្ធិស្វ័យការពារខ្លួនរបស់អ៉ីស្រាអែល»។ នៅថ្ងៃទី២៥ ខែតុលា រុស្ស៉ីបានព្រាងដំណោះស្រាយមួយផ្សេងទៀត ដែលអំពាវនាវឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយក្រុមហាម៉ាស។ តែទោះជាបែបនេះក្ដី ដំណោះស្រាយនេះ នៅតែមិនបានថ្កោលទោសក្រុមហាម៉ាសឡើយ ជាហេតុធ្វើឱ្យមានតែសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៤ប៉ុណ្ណោះបោះឆ្នោតគាំទ្រ។

នៅថ្ងៃទី២៥ ខែតុលានោះដែរ សហរដ្ឋអាមេរិកបានដឹកនាំការព្រាងដំណោះស្រាយវិញម្ដង ដោយអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នាដើម្បីបុព្វហេតុ មនុស្សធម៌ ជាជាងអំពាវនាវឱ្យមានបទឈប់បាញ់។ សមាជិកចំនួន១០បោះឆ្នោតគាំទ្រ តែរុស្ស៉ី និងចិនដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតវេតូលើដំណោះស្រាយនេះ។ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ ទើបក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតអនុម័តដំណោះស្រាយ ព្រាង ដោយប្រទេសម៉ាល់ត៍ ដោយអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នាដើម្បីបុព្វហេតុមនុស្សធម៌ និងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៉ី បានអនុប្បវាទ រីឯសមាជិក១២ផ្សេងទៀតបានបោះឆ្នោតគាំទ្រ។ ដោយឡែក ប្រទេសហ្ស៊កដានីក៏ធ្លាប់បានដឹកនាំដំណោះស្រាយ មួយ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៧ ខែតុលាផងដែរ ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការបញ្ជូនជំនួយដល់ ជនស៊ីវិលក្នុងតំបន់ហ្កាហ្សា។ ប្រទេសចំនួន១២០ ក្នុងនោះរួមមានបារាំង បានបោះឆ្នោតគាំទ្រ ហើយមានតែ១៤ប្រទេសប៉ុណ្ណោះ ក្នុងនោះមាន សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបោះឆ្នោតប្រឆាំង ខណៈ៤៥ប្រទេសអនុប្បវាទ។

* តើប្រទេសណាខ្លះគាំទ្រដំណោះស្រាយរដ្ឋ២?
ប្រទេសភាគច្រើនយល់ស្របចំពោះដំណោះស្រាយរដ្ឋ២ ជាមធ្យោបាយនាំទៅរកសន្តិភាព និងការបិទបញ្ចប់សង្រ្គាម។ គិតជាសរុបមាន ៩៥ភាគរយនៃ ប្រទេសទាំងអស់លើពិភពលោកបានបង្ហាញការគាំទ្រដល់ដំណោះស្រាយរដ្ឋ២ នំាទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន​មានឯករាជ្យភាពមួយ។ មានតែប្រទេស ចំនួន ៦ប៉ុណ្ណោះ មិនគាំទ្រដំណោះស្រាយនេះ។

* តើមានប្រទេសណាខ្លះកាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៉ីស្រាអែល?
អំឡុងសង្រ្គាមនៅហ្កាហ្សា បណ្ដាប្រទេសមួយចំនួនបានកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយអ៉ីស្រាអែល ក្នុងនោះរួមមានប្រទេសបេលីស និងបូលីវី។ ចំណែក អាហ្វ្រិកខាងត្បូងបានព្យួរទំនាក់ទំនងជាមួយអ៉ីស្រាអែល ខណៈបារ៉ែន ឆាដ ស៊ីលី កូឡុំប៊ី ហុងឌូរ៉ាស ហ្ស៊កដានី និងតួកគីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេ ប្រចាំអ៉ីស្រាអែល ត្រឡប់ទៅស្រុកវិញរៀងៗខ្លួន។ ទីក្រុងមួយចំនួនដូចជាទីក្រុងបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ ក៏បានព្យួរទំនាក់ទំនងជាមួយអ៉ីស្រាអែល ដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលគាំទ្រពេញទំហឹងចំពោះអ៉ីស្រាអែលទាំងការទូត និងជំនួយយោធា។ រីឯមេដឹកនាំមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៉ីតាលី និងចក្រភពអង់គ្លេស ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិកឈរនៅខាងអ៉ីស្រាអែល ដែរ៕