(ហ្គាហ្សា)៖ ក្រុមមន្រ្តីសុខាភិបាលតំបន់ហ្គាហ្សា បាននិយាយនៅថ្ងៃអង្គារនេះថា មីស៉ីល និងការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែល ទៅលើតំបន់ Rafah ដែលស្ថិតភាគខាងត្បូង ត្រូវចំផ្ទះចំនួន ៣ខ្នង ហើយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ២០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានសម្រុកទៅកាន់តំបន់ Rafah ដែលនៅព្រំដែនហ្គាហ្សាជាមួយអេហ្ស៉ីប ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលបន្ថែមទៀត នៅឯភាគខាងជើង បើទោះបីជាពួកគេភ័យខ្លាចថា ទីនោះមិនមានសុវត្ថិភាពក៏ដោយ។ អ្នកស្រុកនិយាយថា កាលពីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) នៅឯទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា មានការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងកងកម្លាំងអ៉ីស្រាអែល។ រីឯរថក្រោះ និងយន្តហោះអ៉ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់នានាជិតកណ្តាលទីក្រុង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ បើតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីនចំនួន ១៩,៤៥៣នាក់ត្រូវបានសម្លាប់ និង ៥២,២៨៦នាក់រងរបួស នៅក្នុងការសងសឹករបស់អ៉ីស្រាអែលទៅលើក្រុមហាម៉ាស់៕