(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើគោលដៅ សរុបជាង៥០០ ដើម្បីជាសកម្មភាពនាឱកាសគម្រប់ខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះ​បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Wally Adeyemo បានលើកឡើងថា សកម្មភាពខាងលើ ដែលនឹងធ្វើឡើងក្រោមភាពជាដៃគូជាប្រទេសដទៃទៀត មានគោលដៅចំពោះ វិស័យឧស្សាហកម្មយោធារបស់រុស្ស៉ី ព្រមទាំងក្រុមហ៊ុនផ្សេងៗនៅតាមបណ្តាប្រទេសទី៣ ដែលជួយសម្របសម្រួលឱ្យរុស្ស៉ីទទួលបាន​ទំនិញដែលខ្លួនត្រូវចង់បាន។ កញ្ចប់ទណ្ឌកម្មនេះ នឹងជាកញ្ចប់ថ្មីចុងក្រោយបង្អស់ ក្នុងចំណោមកញ្ចប់ទណ្ឌកម្មសរុបរាប់ពាន់មកហើយ ដែលត្រូវបាន​ដាក់ប្រឆាំងទៅលើទីក្រុងមូស្គូ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន ក្រោយរុស្ស៉ីបានឈ្លានពានអ៊ុយក្រែន កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ស្របពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី៣ អាមេរិកនិងក្រុមប្រទេសលោកខាងលិច កំពុងព្យាយាមរក្សាការដាក់សម្ពាធល់​រុស្ស៉ី បើទោះនៅមានភាពពុំច្បាស់លាស់ ថាតើសភាអាមេរិកនឹងអនុម័តការផ្តល់ជំនួយសន្តិសុខបន្ថែម សម្រាប់ទីក្រុងកៀវដែរឬយ៉ាងណាក្តី។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រើប្រាស់អស់ទៅហើយ នូវថវិកាជំនួយដែលត្រូវបានអនុម័តកន្លងមកសម្រាប់អ៊ុយក្រែន ខណៈ​សំណើសុំកញ្ចប់ថវិកាបន្ថែម កំពុងជាប់គាំងក្នុងសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ៕

រូបភាពពី Reuters