(ឡុងដ៏)៖ ចក្រភពអង់គ្លេស បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយនិយាយថា នឹងស្វែងរកការកាត់បន្ថយឃ្លាំងស្តុកអាវុធ ក៏ដូចជាបង្អាក់ដល់សង្រ្គាមជាង ២ឆ្នាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

កញ្ចប់ទណ្ឌកម្មនេះ គ្រប់ដណ្តប់លើបុគ្គល និងអង្គភាពជាង ៥០ ហើយត្រូវបានដាក់ចេញ ២ថ្ងៃមុនខួបសង្រ្គាមឈ្លានពានលើអ៊ុយក្រែន នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងឧស្សាហកម្មគ្រាប់រំសេវរុស្ស៉ី រួមទាំងសហគ្រាសកាន់កាប់ដោយរដ្ឋ Sverdlov និងការកំណត់ប្រភពចំណូលក្នុងឧស្សាហកម្មលោហៈ ពេជ្រ និងថាមពល គឺស្ថិតក្រោមទណ្ឌកម្មនេះ។

លោក David Cameron រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានបញ្ជាក់ថា «ការដាក់សម្ពាធសេដ្ឋកិច្ចជាអន្តរជាតិរបស់ពួកយើង មានគោលដៅធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពធ្វើសង្រ្គាមរបស់រុស្ស៉ី។ ទណ្ឌកម្មរបស់យើងកំពុងបង្អាក់ដល់ធនធានដែល លោក ពូទីន ត្រូវការយ៉ាងខ្លាំងសម្រាប់ធ្វើសង្រ្គាម»។

គួរបញ្ជាក់ថា ក្រៅពីចក្រភពអង់គ្លេស សហភាពអឺរ៉ុបក៏ទើបនឹងបានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី ១៣ប្រឆាំងរុស្ស៉ី ខណៈដែលសហរដ្ឋអាមេរិក គ្រោងដាក់ចេញនូវទណ្ឌកម្មលើគោលដៅសរុបចំនួន ៥០០នៅថ្ងៃសុក្រនេះ៕

រូបភាពពី Reuters