(វ៉ាស៉ីនតោន)៖ យានរ៉ូបូតរបស់ក្រុមហ៊ុនឯកជនអាមេរិកមួយឈ្មោះថា Intuitive Machines បានចុះចតនៅលើផ្ទៃព្រះចន្ទដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈវាគឺជាយានអវកាសអាមេរិកដំបូងបំផុត ដែលបានទៅដល់លើផ្ទៃព្រះចន្ទ ក្នុងរយៈពេលជាង៥០ឆ្នាំ​មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានឱ្យដឹងថា យានរ៉ូបូតខាងលើឈ្មោះ Odysseus បានចុះចតទៅលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ កាលពីម៉ោង​៦៖២៣នាទីយប់ ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅភាគខាងកើតអាមេរិក)។ វាត្រូវបានបាញ់បង្ហោះចេញពីភពផែនដី តាមរយៈរ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ កន្លងទៅ។ NASA កំពុងធ្វើការជាមួយក្រុមហ៊ុនអាមេរិកមួយចំនួន ដើម្បីនាំយកសម្ភារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទៅលើផ្ទៃព្រះចន្ទ តាមរយៈកម្មវិធី CLPS ឬ Commercial Lunar Payload Services។

គួរបញ្ជាក់ថា បេសកកម្មចុះចតលើផ្ទៃព្រះចន្ទលើកចុងក្រោយរបស់អាមេរិក បានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ១៩៧២ នៅពេលបេសកកម្ម Apollo 17 ដែលមានផ្ទុកក្រុមអវកាសយានិក បានចុះចតទៅលើដីនៃឋានព្រះចន្ទ ក្នុងនាមជាបេសកកម្មចុងក្រោយបំផុត នៃកម្មវិធីអវកាស Apollo របស់សហរដ្ឋអាមេរិក។ អាមេរិកក៏មានផែនការបញ្ជូនក្រុមអវកាសយានិកសាជាថ្មី ឱ្យទៅជាន់លើផ្ទៃព្រះចន្ទ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ផងដែរ៕

 

 

រូបភាពពី AP