(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បាននិយាយថា នាថ្ងៃសុក្រនេះ ប្រទេសរបស់លោកនឹងចុះកិច្ចព្រមព្រៀង​ស្តិពីឧស្សាហកម្មការពារជាតិជាមួយស៊ុយអែត អំលុងជំនួបជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅរដ្ឋធានីប៊ុយដាប៉ែស ស្របពេលដែលហុងគ្រីត្រៀមខ្លួន ដើម្បីផ្តល់សច្ចាប័នលើសមាជិកភាព NATO របស់ស៊ុយអែត ក្រោយពន្យារពេល​អស់ជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Orban បានបង្ហើបឱ្យដឹងយ៉ាងដូច្នេះថា «យើងនឹងបិទបញ្ចប់បញ្ហាទាំងអស់ ហើយយើងនឹងចុះកិច្ចព្រមព្រៀងឧស្សាហកម្មការពារជាតិ។ ពួកយើងក៏នឹងដាក់ចេញ នូវការសម្រេចចិត្ត ឬគោលដៅមួយចំនួនផងដែរ ស្តីអំពីកិច្ចសហប្រតិបត្តិការការពារជាតិ»។ យ៉ាងណាមិញ លោក Orban មិនបានបញ្ជាក់លម្អិតជាងនេះទៀតឡើយ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា នាថ្ងៃសុក្រនេះ មុនពេលសភាហុងគ្រីនឹងត្រូវផ្តល់សច្ចាប័ន ចំពោះសមាជិកភាពនៃអង្គការ NATO របស់ស៊ុយអែត ក្នុងការបោះឆ្នោតមួយ នាថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ស៊ុយអែតបានដាក់ពាក្យសុំចូលរួមជាមួយ អង្គការ NATO តាំងតែពីជិត២ឆ្នាំមុន ក្នុងការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្រ្តរបស់ខ្លួន ដោយងាកចេញពីគោលការណ៍មិនចូលពីបក្សសម្ព័ន្ធ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ មកទល់ពេលនេះ ហុងគ្រីគឺជាសមាជិក NATO តែមួយគត់ ដែលមិនទាន់ផ្តល់សច្ចាប័នលើសមាជិកភាពរបស់ស៊ុយអែត។ ហ្វាំងឡង់ក៏បានដាក់ពាក្យសុំចូល ​NATO ក្នុងពេលដំណាលគ្នា នឹងស៊ុយអែតដែរ ប៉ុន្តែបានក្លាយជាសមាជិកផ្លូវការ កាលពីពីខែមេសា ឆ្នាំមុន៕