(ប៉េកាំង)៖ ថ្ងៃទី២០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ អាមេរិកបានបដិសេធជាថ្មីម្តងទៀត ចំពោះសេចក្តីព្រាង នៃសេចក្តីសម្រេចចិត្ត ស្ដីពីតំបន់ហ្កាហ្សា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សេចក្តីព្រាងនេះត្រូវបានលើកឡើងដោយប្រទេសអាល់ហ្សេរី ក្នុងនាមជាតំណាងរបស់ប្រទេសអារ៉ាប់។ ខ្លឹមសារស្នូលគឺសម្រេចបាន នូវការឈប់បាញ់ប្រហារជាបន្ទាន់នៅតំបន់ហ្កាហ្សា ប្រញាប់ដោះលែងចំណាប់ខ្មាំងទាំងអស់ ធានាបាននូវការអនុញ្ញាតឱ្យ សម្ភារៈមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សា និងប្រឆាំងការផ្លាស់ទីដោយបង្ខំ។ នេះមិនត្រឹមតែជាគំនិតឯកភាពរួម របស់ក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះទេ ថែមទាំងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ចំពោះការសម្រេចបាននូវការឈប់បាញ់គ្នា និងបញ្ចប់សង្គ្រាមផងដែរ។ ប៉ុន្តែអាមេរិកបានប្រើប្រាស់សិទ្ធិវេតូម្តងទៀត។

ហេតុអ្វីបានជាអាមេរិកបោះឆ្នោតប្រឆាំងដោយឯកតោភាគី? ហេតុផលដែលអាមេរិកបានផ្តល់គឺថា វា“មិនមានអំណោយផល ដល់ការចរចាស្តីពីបញ្ហាចំណាប់ខ្មាំងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលកំពុងដំណើរការ”។ អ្នកវិភាគយល់ឃើញថា ពាក្យសំដីបែបនេះគ្មានទីសំអាងទាល់តែសោះ។ អ្នកគាំទ្រនៃសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះរួមមាន ហ្ស៊កដានី និងអេហ្ស៊ីបជាដើមដែលជាអ្នកសម្របសម្រួល នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ ប្រសិនបើត្រូវបានអនុម័ត វានឹងមានអំណោយផលដល់ ការបង្កើតបរិយាកាសសន្ទនារួម និងបង្កើតឱកាសសំខាន់ដល់ ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម។ ជាងនេះទៅទៀត សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ក៏មានអំណោយផល់ដល់ភាគីសម្របសម្រួលនានា ដើម្បីសម្រេចបានជោគជ័យ ក៏ដូចជាជំរុញឱ្យភាគីទាំងពីរប៉ាឡេស្ទីន និងអ៊ីស្រាអែលសម្រេចបាននូវ "ការផ្លាស់ប្តូរចំណាប់ខ្មាំង" ក្នុងពេលឆាប់ៗផងដែរ។ ដូច្នេះហើយបានជា រដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបូករួមទាំងប្រទេសចិនផងដែលបានសម្តែង ការមិនពេញចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះទង្វើប្រើប្រាស់សិទ្ធិវេតូរបស់អាមេរិក។

តាមពិត អាមេរិកជា “ឧក្រិដ្ឋជន” ក្នុងការប្រើសិទ្ធិវេតូស្រាប់ទៅហើយ។ ចាប់តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មីផ្ទុះឡើងនៅខែតុលាឆ្នាំ២០២៣មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការបោះឆ្នោតសម្រេច ចំនួន៨លើក អំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយមានតែសេចក្តីសម្រេចចិត្ត២ច្បាប់ ប៉ុណ្ណោះដែលត្រូវបានអនុម័ត។ ក្នុងដំណើរនេះ អាមេរិកមិនបានគិតគូរពីអាយុជីវិត របស់ប្រជាជនស្លូតត្រង់នៅតំបន់ហ្កាហ្សាទេ ហើយបានប្រើប្រាស់សិទ្ធិវេតូម្តងហើយម្តងទៀត ដែលបានក្លាយជាឧបសគ្គធំបំផុត ដែលរារាំងការចាត់ប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខ។

តាំងពីដើមមក អាមេរិកមិនមែនជាអ្នកសម្របសម្រួលដ៏យុត្តិធម៌ លើបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើយ ប៉ុន្តែតែងតែលម្អៀងទៅម្ខាង។ ពេលថ្មីៗនេះ អាមេរិកកំពុងដាក់ចេញសេចក្តីព្រាង នៃសេចក្តីសម្រេចចិត្តថ្មីមួយ។ សេចក្តីព្រាងនេះគ្រាន់តែអំពាវនាវឱ្យ អ៊ីស្រាអែល "បញ្ឈប់ជាបណ្តោះអាសន្ន" នូវប្រតិបត្តិការយោធា តែមិនគ្របដណ្តប់លើខ្លឹមសារសំខាន់ៗ ដូចជាការដកខ្លួនចេញពីតំបន់ហ្កាហ្សា ការរៀបចំឡើងវិញនូវជំនួយមនុស្សធម៌ និងការចាប់ដំណើការចរចាសន្តិភាពរវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើងវិញជាដើម ម្យ៉ាងទៀតសេចក្តីព្រាងនេះក៏គេចវេះ ពីទំនួលខុសត្រូវអន្តរជាតិ របស់អាមេរិកនិងអ៊ីស្រាអែលដែលគួរតែរ៉ាប់រងនោះផងដែរ។

ពេលបច្ចុប្បន្ននេះ វិបត្តិសមុទ្រក្រហមកាន់តែស្រួចស្រាវ ហើយការប៉ះទង្គិចនៅព្រំដែនលីបង់និងអ៊ីស្រាអែល បានកើតឡើង ដោយឥតឈប់ឈរ។ មួយផ្នែក អាមេរិកបដិសេធម្តងហើយម្តងទៀតចំពោះសេចក្តីព្រាង នៃសេចក្តីសម្រេចចិត្ត ស្តីពីការឈប់បាញ់គ្នា រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មួយផ្នែកទៀត អាមេរិកក៏បានបន្តផ្តល់ជំនួយយោធាដល់ អ៊ីស្រាអែលដោយឥតឈប់ឈរផងដែរ ដែលបានជម្រុញឱ្យការប៉ះទង្គិចបានរីករាលដាល និងឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ។ អាចនិយាយបានថា អាមេរិកគឺជាភាគីទទួលខុសត្រូវធំបំផុតចំពោះស្ថានការណ៍ ដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា៕

វិទ្យុមិត្តភាពកម្ពុជាចិន