(កូប៉ិនហាក)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសដាណឺម៉ាក បានប្រកាសពីកញ្ចប់ជំនួយយោធាចំនួន ២៤៧.៤លានដុល្លារសម្រាប់អ៊ុយក្រែន ហើយបានទទូចដល់សម្ព័ន្ធមិត្តឱ្យចូលរួមបរិច្ចាគបន្ថែមទៀត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់ថា «វាចាំបាច់ក្នុងការសង្កត់ធ្ងន់ថា អ៊ុយក្រែនអាចយកឈ្នះក្នុងសមរភូមិ ហើយការបរិច្ចាគគួរតែមកដល់ថែមទៀត។ នោះហើយដែលយើងបន្តការបរិច្ចាគ របស់ដាណឺម៉ាកថែមទៀត ដោយសង្ឃឹមថា ប្រទេសដទៃអាចនឹងធ្វើដូចគ្នា មិនថារយៈពេល ៦ខែ ឬ១២ខែទេ ប៉ុន្តែឥលូវនេះយើងពិតជាត្រូវការខ្លាំង»។

លោកស្រី Frederiksen បានឱ្យដឹងបន្ថែមថា ដាណឺម៉ាក ដែលរួមគ្នាជាមួយហូឡង់ និងសហរដ្ឋអាមេរិកកំពុងដឹកនាំក្រុមចម្រុះ ដើម្បីជួយអ៊ុយក្រែន បង្កើតកងកម្លាំងទ័ពអាកាសនាពេលអនាគត ដោយរំពឹងថានឹងចែកចាយយន្តហោះចម្បាំង F-16 ជាលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថា សមាជិករបស់អង្គការណាតូ (NATO) គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ុយក្រែន ហើយស្ថិតក្នុងចំណោមអ្នករួមចំណែកដ៏ធំបំផុត នៃជំនួយផ្នែកយោធាទៅតាមទំហំសេដ្ឋកិច្ចរបស់ខ្លួន។ កញ្ចប់ជំនួយថ្មីនេះ នឹងនាំឱ្យថវិកាសរុបដែលដាណឺម៉ាកផ្តល់ឱ្យអ៊ុយក្រែន កើនឡើងដល់ ៣៣.៣ពាន់លានដុល្លារ ចាប់ពីសង្រ្គាមផ្ទុះឡើង៕

រូបភាពពី Reuters