(ម៉ូស្កូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ៩៥ភាគរយ នៃកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ត្រូវបានធ្វើទំនើបកម្ម ខណៈកងទ័ពអាកាសទើបតែទទួលបានយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលឿនជាងសំឡេងថ្មី ចំនួន ៤គ្រឿងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ ខណៈដែលប្រទេសរុស្ស៊ីបានប្រារព្ធទិវាអ្នកការពារមាតុភូមិប្រចាំឆ្នាំរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីលោកបានបាញ់បង្ហោះយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែរ Tu-160M ដ៏​​ទំនើប។

មេដឹកនាំរុស្ស៊ីរូបនេះ បានសរសើរទាហានដែលកំពុងតស៊ូប្រយុទ្ធនៅក្នុងអ្វីដែលហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ដោយសាទរពួកគេថាជាវីរបុរសដែលប្រយុទ្ធដើម្បី «ការពិត និងយុត្តិធម៌» ។ ប៉ុន្តែសុន្ទរកថារបស់លោក ភាគច្រើនផ្តោតលើសមិទ្ធិផល នៃវិស័យឧស្សាហកម្មយោធារុស្ស៉ី។

លោក ពូទីន បាននិយាយដូច្នេះថា «រួមផ្សំជាមួយនឹងបទពិសោធន៍ប្រយុទ្ធជាក់ស្តែងរបស់យើង យើងនឹងបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន រួមទាំងកិច្ចខិតខំប្រឹងប្រែងរៀបចំឡើងវិញ និងទំនើបកម្មដែលកំពុងបន្ត»។

លោកបានសង្កត់ធ្ងន់ថា «សព្វថ្ងៃនេះ ភាគរយនៃសព្វាវុធ និងឧបករណ៍ទំនើបៗនៅក្នុងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រ ត្រូវធ្វើទំនើបកម្មឈានដល់ ៩៥ភាគរយ ហើយផ្នែកកងទ័ពជើងទឹកវិញគឺស្ទើរតែ ១០០ភាគរយ»៕

រូបភាពពី Reuters