(ប៉ារីស)៖ កាលពីដើមទីនៃសង្រ្គាមអ៊ុយក្រែន លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបរាជ័យដោយកងទ័ពរបស់លោក មិនអាចវាយចូលគ្រប់គ្រងទីក្រុងកៀវ ក្នុងប្រតិបតិ្តការវាយលុកលឿន ដូចផ្លេកបន្ទោរដែលលោកបានគ្រោងទុកនោះទេ។ ប៉ុន្តែ បច្ចុប្បន្ន លោក ពូទីនហាក់ដូចជាបានឃើញរឿងមួយចំនួនដែលលោកចង់ឃើញ តួយ៉ាងដូចជាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន កាលពីឆ្នាំ២០២៣ មិនអាចវាយទម្លុះខ្សែការពាររបស់កងកម្លាំងរុស្ស៉ី ហើយថី្មៗនេះទីក្រុងដ៏សំខាន់មួយរបស់អ៊ុយក្រែនថែមទាំងបានធ្លាក់ទៅក្នុងដៃកងកម្លាំងរុស្ស៉ីទៀតផង ខណៈជំនួយយោធាថ្មី របស់សហរដ្ឋអាមេរិក ក៏កំពុងជាប់គាំងនៅក្នុងរដ្ឋសភានៅឡើយ។

កងកម្លាំងរុស្ស៉ីបានចូលគ្រប់គ្រងទីក្រុង Avdiivka ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីសប្ដាហ៍មុន ក្រោយអ៊ុយក្រែនសម្រេចដកកងទ័ពចេញ។ ការដណ្ដើមបានទីក្រុង Avdiivka គឺជាជ័យជម្នះជានិមិត្តរូបមួយដ៏សំខាន់ ចាប់តាំងពីកងកម្លាំងរុស្ស៉ីវាយដណ្ដើមកាន់កាប់ទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំមុន។ អ៊ុយក្រែននិយាយថាទីក្រុងនេះនឹងមិនផ្ដល់យុទ្ធសាស្ត្រ ធំដុំអ្វីដល់រុស្ស៉ីនោះទេ ដោយសារតែរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងទៅហើយនៅក្នុងការវាយប្រយុទ្ធគ្នាជាច្រើនខែមកនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគរុស្ស៉ីជឿថាការដណ្ដើមបានទីក្រុង Avdiivka នឹងផ្ដល់ភាពងាយស្រួលដល់កងកម្លាំងរុស្ស៉ី ក្នុងការទប់ស្កាត់ការបាញ់ផ្លោងរបស់កងកម្លាំងអ៊ុយក្រែនក្នុងតំបន់ Donetsk ហើយអាចប្រើប្រាស់ទីក្រុងនេះជាមូលដ្ឋានមួយ ដើម្បី វាយដណ្ដើមទឹកដីបន្ថែមទៀតក្នុងតំបន់ Donetsk និង Luhansk។

លើសពីនេះទៅទៀត ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសរុស្ស៉ីក៏កំពុងរង្គោះរង្គើរផងដែរ បន្ទាប់ពីមេបក្សប្រឆាំង និងជាអ្នករិះគន់ឥតសំច្ចៃមាត់លើការដឹកនាំរបស់លោក ពូទីន គឺលោក Alexei Navalny បានស្លាប់ក្នុងពន្ធនាគារកាលពីសប្ដាហ៍មុន។ បណ្ដាមេដឹកនាំលោកខាងលិច រួមទាំងលោក ចូ បៃដិន ថាលោក ពូទីន គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក Navalny តែវិមានក្រឹមឡាំង ចាត់ទុកការលើកឡើងនេះជារឿងមិនអាចទទួលយកបាន។

លោក ពូទីន កាលពីខែធ្នូ ឆ្នាំ២០២៣ បានប្រកាសថាអ៊ុយក្រែនមិនមានអនាគតនោះទេ ហើយក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក លោក Tucker Carlson កាលពីពេលថ្មីៗនេះ ប្រមុខវិមានក្រឹមឡាំងរូបនេះបានអះអាងថាការយកឈ្នះរុស្ស៉ី ក្នុងសង្រ្គាមអ៊ុយក្រែនមិនអាចកើតឡើងឡើយ។ ជាការឆ្លើយតបទៅវិញ បណ្ដាមេដឹកនាំលោកខាងលិចបានទទូចថាការយកឈ្នះរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែនគឺជាជម្រើសតែមួយគត់ ហើយក្នុងនោះលោកប្រធានាធិបតីបារាំង ម៉ាក្រុង កាលពីខែមករាបាននិយាយថា អាទិភាពចម្បងរបស់អឺរ៉ុប គឺមិនអាចបណ្ដោយឱ្យរុស្ស៉ីឈ្នះបាន នោះទេ។

ក្រុមអ្នកវិភាគបាននិយាយថា មានតែការបង្កើនការផ្ដល់ជំនួយយោធាពីលោកខាងលិចសម្រាប់អ៊ុយក្រែ​នទេ ទើបអាចស្ដារស្ថានការណ៍ឡើងវិញបាន។ ប៉ុន្តែ មកទល់នឹងពេលនេះ ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែនកំពុងជាប់គាំងនៅក្នុងសភាតំណាងរាស្ត្រអាមេរិក (រដ្ឋសភា) ជាទីដែលសមាជិកសភាដែលជាសម្ព័ន្ធមិត្តរបស់លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរជំទាស់នឹងការផ្ដល់ ជំនួយយោធាថ្មីដល់អ៊ុយក្រែន បើទោះជាមានការអនុម័តពីព្រឹទ្ធសភាក៏ដោយ។ លោក ពូទីន អាចអង្គុយរង់ចាំមើលការវិលត្រឡប់មកវិញរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលអាចនឹងបង្កការបែកបាក់ជាថ្មីក្នុងតំបន់អឺរ៉ុប។

លោកស្រី Andrea Kendall-Taylor ជាអ្នកវិភាគម្នាក់មកពី Center for New American Security (CNAS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាសព្វថ្ងៃ គឺជាពេលដែលទាំងរុស្ស៉ី និងអ៊ុយក្រែនត្រូវពង្រឹងសមត្ថភាពវាយលុករបស់ពួកគេឡើងវិញ។ តាមអ្នកវិភាគរូបនេះ ប្រសិនបើមានភាពយឺតយ៉ាវ ឬក៏មិនមានជំនួយយោធាពីលោកខាងលិចទេ ​នោះរុស្ស៉ីអាចនឹងទទួលបាន ប្រយោជន៍ជាច្រើន ហើយបន្ទាប់មករុស្ស៉ីអាចនឹងបន្តស្វែងរកជ័យជម្នះបន្ថែមទៀត។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកស្រី Kendall-Taylor បានបន្ថែមថាប្រសិនបើអ៊ុយក្រែនអាចទប់ទល់នឹង កងទ័ពរុស្ស៉ីបានក្នុងឆ្នាំ២០២៤នេះ នោះវាអាចនឹងក្លាយជាសម្ពាធយ៉ាងខ្លាំងដល់រុស្ស៉ីនៅឆ្នាំ២០២៥។ ដូច្នេះជាទស្សនៈយល់ឃើញរបស់លោក ពូទីន ឆ្នាំ២០២៤ គឺជាពេលវេលាដ៏សំខាន់ដែលរុស្ស៉ី ត្រូវក្ដាប់ឱកាសឱ្យជាប់។

អ៊ុយក្រែនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីលទ្ធភាពនៃការត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មីរបស់លោក ដូណាល់ ត្រាំ ដែលធ្លាប់អះអាងថាលោកនឹងប្រើពេលត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន បើលោកជាប់ឆ្នោតម្ដងទៀត។ មិនតែប៉ុណ្ណោះ ឥទ្ធិពលអ្នកនយោបាយស្ដាំនិយមជ្រុលក្នុងតំបន់អឺរ៉ុបក៏កាន់តែរីកធំដែរ ដោយអ្នកនយោបាយទាំងនេះ ជារឿយៗមានទំនោរទន់ភ្លន់ជាមួយរុស្ស៉ី និងប្រឆាំងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។

លោកស្រី Tatiana Stanovaya ជាស្ថាបនិកអង្គការ R. Politik បាននិយាយថាលោក ពូទីន សម្លឹងឃើញថាឆ្នាំ២០២៤នេះគឺជាឱកាសដើម្បីធ្វើឱ្យរុស្ស៉ីមានប្រៀបនៅក្នុងសង្រ្គាម ហើយមួយផ្នែក ដោយសារតែលោកមើលឃើញពីភាពទន់ខ្សោយក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «លោក ពូទីន រំពឹងថាអាចនឹងមានការផ្អាកបណ្ដោះអាសន្នមួយ នៅក្នុងការគាំទ្រយោធារបស់លោកខាងលិច ដ្បិតការផលិតគ្រាប់រំសេវត្រូវបានរំពឹងថានឹងមានការកើនឡើងជាថ្មី រហូតទាល់តែដល់ដើមឆ្នាំ២០២៥»។

តាមអ្នកវិភាគរូបនេះ ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រអ៊ុយក្រែន។ ពីព្រោះថាទោះមិនឈប់គាំទ្រ តែការគាំទ្រនោះ ក៏មិនសូវខ្លាំងក្លាដែរ ក្នុងបរិបទដែលសហភាពអឺរ៉ុបវិញកំពុងប្រឈមមុខនឹងការបែកបាក់ផ្នែកក្នុង។ ប៉ុន្តែ នៅមានហេតុផលមួយសម្រាប់អ្នកសុទិដ្ឋិនិយមមួយចំនួនក្នុងបណ្ដាប្រទេសលោកខាងលិច នោះគឺបញ្ហាផ្ទៃក្នុងរបស់រុស្ស៉ី ដូចជាបញ្ហាសេដ្ឋកិច្ច ការនឿយណាយនឹងសង្រ្គាមក្នុងចំណោមប្រជាជនរុស្ស៉ី និងការបាត់បង់កងទ័ព។

មកទល់បច្ចុប្បន្ន ក្រុមមន្ត្រីលោកខាងលិច បានឱ្យដឹងថាទាហានរុស្ស៉ីប្រហែលជា ៣៥០,០០០នាក់បានស្លាប់ និងរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ក្រុមមន្ត្រីលោកខាងលិច ក៏បាននិយាយដែរថា មានរឿងមួយទៀតដែលជាក្ដីកង្វល់សម្រាប់លោក ពូទីន នោះគឺការបង្កើនការចំណាយលើវិស័យយោធា និងសន្តិសុខ អាចនឹងបង្កផលប៉ះពាល់រយៈពេលវែងដល់សេដ្ឋកិច្ចរុស្ស៉ី៕

រូបភាពពី AFP

រូបភាពពី Reuters

រូបភាពពី Reuters