(អេស្ប៉ាញ)៖ អគ្គីភ័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់នៅក្នុងអគារផ្ទះល្វែងធំមួយ ក្នុងទីក្រុង Valencia ភាគខាងកើតប្រទេសអេស្ប៉ាញ ជាមួយនឹងខ្យល់បក់បោកខ្លាំងបានឆាបឆេះ និងបំផ្លាញអគារស្ទើទាំងស្រង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

មនុស្ស ១៤ នាក់ត្រូវបានគេជឿថា បានបាត់ខ្លួនបន្ទាប់ពីអគ្គីភ័យបានឆាបឆេះ ហើយអ្នកជំនាញផ្នែកធានារ៉ាប់រងម្នាក់បាននិយាយថា ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ប្រហែលជាដោយសារតែការប្រើប្រាស់ផ្លាស្ទិកសម្រាប់ការរចនាពីមុខផ្ទះ។

នៅថ្ងៃសុក្រនេះ អ្នកពន្លត់អគ្គីភ័យពាក់ម៉ាស់ និងធុងអុកស៊ីហ្សែនបានព្យាយាមស្វែងរកសាកសព ឬអ្នកនៅរស់រានមានជីវិតនៅក្នុងអគារដែលត្រូវភ្លើងឆេះនោះ ប៉ុន្មានម៉ោងបន្ទាប់ពីភ្លើងបានឆាបឆេះកាលពីយប់ថ្ងៃព្រហស្បតិ៍។

ពេលទៅដល់កន្លែងកើតហេតុ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថា អ្នកស្រុក «បានបាត់បង់អ្វីៗទាំងអស់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៅក្នុងអគ្គីភ័យដ៏អាក្រក់នេះ»។

អភិបាលក្រុង Valencia លោក Maria Jose Catala បានិយាយថា មនុស្ស ៤នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និង ១៥ នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ ៦ នាក់ជាក្រុមពន្លត់អគ្គីភ័យ។

ភ្នាក់ងារសង្គ្រោះបន្ទាន់បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅជាន់ទី៤ ប៉ុន្តែមិនបានបញ្ជាក់ថា បណ្តាលមកពីអ្វីនោះទេ។ អគារដែលមានប៉មពីរតភ្ជាប់គ្នាដោយជណ្តើរយន្ត និងផ្ទះអាផាមិនជាច្រើននេះ ត្រូវបានគេកសាងបញ្ចប់ក្នុងឆ្នាំ ២០០៨៕

រូបភាពពី Reuters