(កៀវ)៖ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានឱ្យដឹងថាយោធាអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍មួយគ្រឿង ម៉ាក A-50 របស់រុស្ស៉ី កាលពីយប់ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ហើយនេះគឺជាលើកទី២ ក្នុងរយៈពេលជាងមួយដែលអ៊ុយក្រែនអះអាងពីការបាញ់ទម្លាក់យន្ដហោះដ៏ទំនើបរបស់រុស្ស៉ីមួយនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Interfax Ukraine ដោយផ្អែកលើការស្រង់សម្ដីពីយោធាអ៊ុយក្រែន ក៏បានរាយការណ៍ដែរថាយន្ដហោះស៊ើបការណ៍ម៉ាក A-50 ត្រូវបានបាញ់ទម្លាក់នៅលើ ទឹកដីរុស្ស៉ី ស្ថិតនៅចន្លោះទីក្រុង Rostov-on-Don និង Krasnodar ហើយការបាញ់ទម្លាក់នេះធ្វើឡើងដោយកងទ័ពអាកាសសហការជាមួយនាយកដ្ឋានស៊ើបការណ៍សម្ងាត់ អ៊ុយក្រែន។

ចំណែក ខាងប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីវិញ ដោយផ្អែកលើមន្ត្រីសង្រ្គោះបន្ទាន់ក្នុងទីក្រុង Krasnodar បាននិយាយថាបំណែករបស់យន្ដហោះមួយគ្រឿងត្រូវបានរកឃើញនៅទីវាលមួយ ក្នុងស្រុក Kanevskoy ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ការផ្ទុះឆេះមួយ។ តែមិនបានលើកឡើងពីយន្ដហោះ A-50 នោះទេ។

គួរបញ្ជាក់ថា កាលពីខែមករា កន្លងទៅនេះ យោធាអ៊ុយក្រែនបាននិយាយថាកងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍មួយគ្រឿងម៉ាក A-50 និងយន្ដហោះ បញ្ជាការប្រយុទ្ធនៅលើអាកាស Ilyushin Il-22 មួយគ្រឿងរបស់រុស្ស៉ីក្នុងតំបន់សមុទ្រ Azov។ យន្ដហោះស៊ើបការណ៍ A-50 ត្រូវបានវាយតម្លៃថាមានតម្លៃមួយគ្រឿងប្រហែលជា ៣៥០លានដុល្លារ៕

រូបភាពយន្ដហោះ A-50 ដោយសារព័ត៌មានរុស្ស៉ី TASS