(វ៉ាស៊ីនតោន)៖ កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យន្ដហោះដ្រូន៣គ្រឿង នៅកែ្បរកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ និងបានកម្ទេចមីស៊ីលគ្រូស ប្រឆាំងនាវាចម្បាំង ៧គ្រាប់ដែលមានទីតាំងនៅលើដីគោកក្នុងប្រទេសយេម៉ែន។ នេះបើតាមយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមហូទីគាំទ្រដោយអ៉ឺរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ជាច្រើនខែមកនេះ ហើយការវាយប្រហាររបស់ពួកគេ នៅតែបន្តធ្វើឡើង បើទោះជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបើកការវាយប្រហារតាមផ្លូវអាកាសរួមគ្នាម្ដងហើយម្ដងទៀត ក្នុងគោលបំណងបំផ្លាញសមត្ថភាពរបស់ចលនាប្រដាប់ អាវុធមួយនេះ កុំឱ្យបង្កការគំរាមកំហែងដល់កប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហមក៏ដោយ។

ទីបញ្ជាការកណ្ដាលយោធាអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងនៅបណ្ដាញទំនាក់ទំនងសង្គមថាកាលពីព្រឹកថ្ងៃសុក្រ កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យន្ដហោះដ្រូន៣គ្រឿង របស់ក្រុមហ៊ូទី នៅក្បែរកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងកំពុងធ្វើដំណើរក្នុងតំបន់សមុទ្រក្រហម ដោយមិនមានបង្កការខូចខាតអ្វីដល់កប៉ាល់ទាំងនោះឡើយ។ CENTCOM ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយក្នុងថ្ងៃដដែល ក៏បានបញ្ជាក់ដែរថាកងកម្លាំងអាមេរិកបានបំផ្លាញមីស៊ីលគ្រូសប្រឆាំងនាវាចម្បាំង ៧គ្រាប់របស់ក្រុមហ៊ូទី ដែលកំពុងត្រៀម បាញ់ចេញឆ្ពោះទៅកាន់សមុទ្រក្រហម។ ការវាយប្រហាររបស់កងកម្លាំងអាមេរិកទាំង២លើកនេះធ្វើឡើងនៅចន្លោះពីម៉ោង ១២.៣០នាទីថ្ងៃត្រង់ និងម៉ោង ៧៖១៥នាទីយប់ (ម៉ោងក្នុង ទីក្រុងសាណា ប្រទេសយេម៉ែន)។

ក្រុមហ៊ូទី បានចាប់ផ្ដើមការវាយប្រហារនៅសមុទ្រក្រហម កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយពួកគេអះអាងថាមានគោលដៅលើកប៉ាល់ដឹកទំនិញដែលមានជាប់ពាក់ព័ន្ធនឹងអ៉ីស្រាអែល ដើម្បីការបង្ហាញសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៕

រូបភាពពី Reuters