(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ចេញផែនការមួយពាក់ព័ន្ធនឹងអនាគតរបស់តំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់ តែទទួលរង ការរិះគន់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ខណៈអាជ្ញាប៉ាឡេស្ទីន និងក្រុមហាម៉ាសច្រានចោលផែនការនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការបញ្ចេញផែនការថ្មីរបស់លោក Netanyahu កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ កើតមានឡើង បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានកំណត់គោលដៅលើផ្ទះជាច្រើន នៅភាគខាងត្បូងតំបន់ហ្កាហ្សា និងចំពេលគណៈប្រតិភូអ៉ីស្រាអែលបានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស ដើម្បីចូលរួមកិច្ចពិភាក្សាស្វែងរកបទឈប់បាញ់។ តាមផែនការនេះ អ៉ីស្រាអែលចង់ ឱ្យតំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយក្រុមមន្ត្រីប៉ាឡេស្ទីនដែលមិនមានទំនាក់ទំនង ឬជាប់ពាក់ព័ន្ធជាមួយក្រុមហាម៉ាស។ លើសពីនេះទៅទៀត ផែនការដដែលក៏បានបង្ហាញដែរថា ទោះបីជានៅក្រោយសង្រ្គាមបិទបញ្ចប់ក៏ដោយ ក៏កងទ័ពអ៉ីស្រាអែលនៅតែមានសេរីភាពគ្មានព្រំដែនកំណត់ក្នុងការធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា ដើម្បីបង្ការទប់ស្កាត់កុំឱ្យមាន ចលនាឧទ្ទាមណាមួយកើតឡើង។

ប៉ុន្តែ ផែនការនេះត្រូវបានអាជ្ញាធរប៉ាឡេស្ទីន និងក្រុមហាម៉ាសច្រានចោល រីឯសហរដ្ឋអាមេរិកវិញក៏បានរិះគន់ផងដែរដោយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បាននិយាយថាទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អ៉ីស្រាអែលពីអ្វីដែលត្រូវការជាចាំបាច់សម្រាប់ហ្កាហ្សា ក្រោយសង្រ្គាម នោះគឺប្រជាជនប៉ាឡេស្ទីនគួរតែមានសំឡេងមួយ និងការបោះឆ្នោតមួយ...តាមរយៈការផ្ដល់អំណាចឡើងវិញទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីផែនការរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឆ្លើយថាលោកនឹងមិនធ្វើការសន្និដ្ឋាន អ្វីទេ រហូតទាល់តែលោកបានឃើញពីសេចក្ដីលម្អិតនៃផែនការនេះសិន ប៉ុន្តែលោកបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងរាល់ការកាន់កាប់ឡើងវិញលើតំបន់ហ្កាហ្សា នៅក្រោយសង្រ្គាម បញ្ចប់៕

រូបភាពពី AFP