(កៀវ)៖ មេដឹកនាំលោកខាងលិច ៤រូប ក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រីអ៉ីតាលី កាណាដា និងបែលហ្ស៉ិក បានធ្វើដំណើរទៅដល់ទីក្រុងកៀវហើយ នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ ដើម្បី បង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន ក្នុងថ្ងៃខួប ២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នាយករដ្ឋមន្ត្រីបែលហ្ស៉ិក លោក Alexander De Croo ព្រមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធ្វើដំណើររួមគ្នាទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃសុក្រ ដោយជិះរថភ្លើងចេញពីព្រំដែនប៉ូឡូញ។

តាមការគ្រោងទុក លោកស្រី Meloni ក៏នឹងត្រូវដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយចេញពីទីក្រុងកៀវ ដែលនឹងមានការចូលរួមពីសំណាក់មេដឹកនាំនៃក្រុមប្រទេស G7 ផងដែរ ជាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី៕

រូបភាពពី Reuters