(កៀវ)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បានជំរុញដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួននៅថ្ងៃសៅរ៍នេះថា កុំឱ្យ «បាត់បង់ជំនឿចិត្ត» ខណៈប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ប្តូរមកហៅប្រតិបត្តិការយោធារុស្ស៉ីរយៈពេល ២ឆ្នាំនេះទៅជាសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្នុងសារជាសំលេងនាថ្ងៃខួប ២ឆ្នាំនៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោក Stoltenberg បានលើកឡើងពីស្ថានភាពធ្ងន់ធ្ងរនៅឯសមរភូមិ ហើយថាគោលបំណងរបស់លោក ពូទីន មិនបានផ្លាស់ប្តូរឡើយ ហើយក៏គ្មានសញ្ញាណាមួយថាលោកកំពុងរៀបចំផែនការសន្តិភាពនោះដែរប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តមិនត្រូវបាត់បង់ជំនឿចិត្តឡើយ។

លោក Stoltenberg បានបង្ហើបពីការសន្យាផ្តល់ជំនួយយោធាថ្មីៗទៀតពីប្រទេសជាសមាជិកណាតូ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដោយបញ្ជាក់ថា «នឹងគ្រប​ដណ្តប់​លើការពង្រឹងសមត្ថភាពសំខាន់ៗសម្រាប់អ៊ុយក្រែន ​ដូច​ជា​គ្រាប់​កាំភ្លើង​ធំ ការការពារ​ដែន​អាកាស រួមទាំងឧបករណ៍ និង​គ្រឿងបន្លាស់យន្តចម្បាំង F-16 យន្តហោះ​ដ្រូន ក៏ដូចជាឧបករ​ណ៍សម្រាប់ដោះមីន»

គួរបញ្ជាក់ថា ខណៈថ្ងៃខួប ២ឆ្នាំនៃការឈ្លានពានមកដល់ទាហានដែលអស់គ្រាប់កាំភ្លើងរបស់អ៊ុយក្រែនកំពុុងតស៊ូដើម្បីការពារនៅសមរភូមិជួរមុខ ហើយការគាំទ្រនាពេលខាងមុខរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនកាន់តែស្រពិចស្រពិលទៅ៕

 

រូបភាពពី Reuters