(កៀវ)៖ ប្រធាគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្តេជ្ញាថា អឺរ៉ុបនឹងគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ នៅពេលដែលលោកស្រី និងមេដឹកនាំលោកខាងលិច ៣រូបផ្សេងទៀតទៅដល់ទីក្រុងកៀវ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងថ្ងៃខួប ២ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោកស្រី Von der Leyen បានបញ្ជាក់តាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «​លើសពីពេលណាៗទាំងអស់ យើងឈរនៅយ៉ាងរឹងមាំជាមួយអ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច យោធា និងសីលធម៌»។ ចំណែកលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «ពីរ​ឆ្នាំ​មុន យើង​បាន​ជួបទាហាន​របស់សត្រូវ​នៅ​ទី​នេះ​ប្រកបដោយគ្រោះថ្នាក់ ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក យើង​បាន​ជួបមិត្តភ័ក្ដិ ដៃគូ​របស់យើង​នៅ​ទីនេះម្តងទៀត»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកស្រី von der Leyen នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និងនាយករដ្ឋមន្រ្តីបែលហ្ស៉ិក លោក Alexander De Croo ទៅកាន់ទីក្រុងកៀវធ្វើឡើងចំពេលដែលអ៊ុយក្រែនកំពុងខ្វះខាតការផ្គត់ផ្គង់ផ្នែកយោធា ខណៈដែលរុស្ស៉ីមានប្រៀបនៅសមរភូមិ។

គេរំពឹងថា លោកស្រី Meloni និងលោក Trudeau អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយលោក ហ្សេលេនស្គី អំឡុងពេលស្នាក់នៅទីនោះរយៈពេលខ្លី ស្របទៅតាមកិច្ចព្រមព្រៀងទើបសម្រេចបានជាមួយបារាំង និងអាល្លឺម៉ង់ដែលមានតម្លៃរាប់ពាន់លានដុល្លារ៕

រូបភាពពី Reuters