(ហ្សួរិច)៖ កាសែតក្នុងស្រុករបស់ស្វីស នៅថ្ងៃសៅរ៍នេះ បានដកស្រង់សម្តីរបស់លោកស្រីប្រធានាធិបតី Viola Amherd ដែលនិយាយថា រុស្ស៉ីមិនទំនងជាចូលរួមទេ នៅដើមដំបូងនៃកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីសន្តិភាពអ៊ុយក្រែន ដែលស្វីសគ្រោងធ្វើជាម្ចាស់ផ្ទះនារយៈពេលប៉ុន្មានខែខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោកស្រី Amherd បានផ្តល់បទសម្ភាសន៍ឱ្យកាសែត Neue Zuercher Zeitung ហើយត្រូវបានបោះពុម្ពផ្សាយប៉ុន្មានម៉ោងក្រោយរដ្ឋមន្ត្រីការបរទេស លោក Ignazio Cassis បានជូនដំណឹងទៅអង្គការសហប្រជាជាតិថា ស្វីសមានបំណងរៀបចំសន្និសីទ «នៅក្នុងរដូវក្តៅនេះ»។

នៅពេលត្រូវបានសួរថាតើស្វីស បានទទួលសញ្ញាវិជ្ជមានបន្ថែមទៀតពីរុស្ស៉ីដែរឬទេ? លោកស្រី Amherd ឆ្លើយតបថា «ឥឡូវនេះ មើលទៅរុស្ស៉ីប្រហែលមិនចូលរួមក្នុងសន្និសីទជុំទីមួយទេ»។ លោកស្រី Amherd បានបន្ថែមថា «យើងកំពុងស្ថិតក្នុងដំណើរការចាប់ផ្តើម ជាមួយនិងក្រុមសម្ព័ន្ធភាពមួយចំនួន ដែលមានដូចជា BRICS បណ្តាប្រទេសមកពីពិភពអារ៉ាប់ និងមកពីប៉ូលខាងត្បូង។ ស្វីសសង្ឃឹមថា នឹងរៀបចំសន្និសីទជុំទីមួយនៅរដូវក្ដៅ ហើយត្រូវការពេលថែមទៀតនោះមិនមានន័យថា យើងអាចសម្រេចបានគោលដៅនៅជំហានដំបូងឡើយ»។

គួរបញ្ជាក់ថា ស្វីស បានអនុម័តទណ្ឌកម្មប្រឆាំងរុស្ស៉ីដែលដាក់ចេញដោយសហភាពអឺរ៉ុប ជុំវិញការឈ្លានពានលើអ៊ុយក្រែន ដោយបង្កើតបានជាសំណួរមួយចំនួនអំពីដែនកំណត់នៃអព្យាក្រឹតភាពរបស់ប្រទេសនេះ។ កាលពីដើមខែកុម្ភៈរដ្ឋាភិបាលស្វីស ទើបនឹងប្រកាសពីផែនការបង្កើនសមត្ថភាពកម្លាំងយោធារបស់ខ្លួន ដែលជាផ្នែកមួយក្នុងការត្រៀមឆ្លើយតបនឹងជម្លោះ៕

រូបភាពពី Reuters