(អូតាវ៉ា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កាណាដាបាននិយាយថា ខ្លួននឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក៏ដូចជាយោធាសម្រាប់អ៊ុយក្រែន ក្នុងទឹកប្រាក់សរុបចំនួន៣.០២ពាន់លានដុល្លារកាណាដា ស្មើនឹង២.២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ ស្របពេលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អំឡុងការបំពេញទស្សនកិច្ចនៅទីក្រុងកៀវ នាឱកាសខួប២ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសពីផែនការផ្តល់ជំនួយខាងលើ ហើយបានលើកឡើងថា «ពួកយើងនឹងបន្តឈរនៅជាមួយអ៊ុយក្រែនជានិច្ច ទោះត្រូវធ្វើបែបណា ឬចំណាយពេលយូរប៉ុនណាក៏ដោយ»។ ជាមួយគ្នានេះដែរ ទីក្រុងកៀវក៏បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយ​​កាណាដា និងជាមួយអ៉ីតាលីថែមទៀតផង ក្រោយកិច្ចព្រមព្រៀងស្រដៀងគ្នា ត្រូវសម្រេចបានជាមួយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងដាណឺម៉ាក ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រឹងប្រែងតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបសរុស្ស៉ី រយៈពេល២ឆ្នាំមកនេះ អ៊ុយក្រែនបានពឹងផ្អែកជាចម្បងលើ ​ជំនួយយោធារាប់សិបពាន់លានដុល្លារពីសម្ព័ន្ធមិត្ត ដើម្បីផ្តល់ទៅឱ្យកងទ័ពខ្លួននូវគ្រាប់រំសេវ កាំភ្លើងធំ រថក្រោះ រថពាសដែក រ៉ុក្កែត មីស៉ីល ព្រមទាំងសម្ភារសឹកជាច្រើនផ្សេងទៀត៕

រូបភាពពី Reuters