(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យ (២៥ កុម្ភៈ) នេះបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនថា បានព្យាយាមរារាំងនាវារដ្ឋាភិបាលហ្វីលីពីន ដែលដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅឱ្យអ្នកនេសាទ ដែលជាចោទប្រកាន់លើកទីពីរនៅក្បែរតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា នៅថ្ងៃអាទិត្យនេះ នាវា BRP Datu Sanday ត្រូវបានរំខានដោយនាវាឆ្មាំសមុទ្រចិន និងនាវាចិនបីផ្សេងទៀតកាលពីថ្ងៃទី ២២ ខែកុម្ភៈ ខណៈដែលវាកំពុងផ្គត់ផ្គង់ប្រេងទៅឱ្យអ្នកនេសាទនៅជិតតំបន់ Scarborough Shoa។

របាយការណ៍បាននិយាយថា នាវាចិនចំនួន៣ ក្នុងចំណោម ៤គ្រឿងបានចូលមកកៀកយ៉ាងគ្រោះថ្នាក់ ក្នុងចម្ងាយតែ ១០០ម៉ែតប៉ុណ្ណោះ ពីច្រមុះនាវា Datu Sand ហើយក៏បានបង្កការរំខានផ្សេងទៀត ដូចជាការការបិទសញ្ញាទំនាក់ទំនងជាដើម។

អ្នកនាំពាក្យកងឆ្មាំសមុទ្រហ្វីលីពីន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង បាននិយាយថា ទោះបីជាប្រឈមមុខនឹងការយាយីទាំងនេះក៏ដោយ ក៏កាពីទែនរបស់នាវាហ្វីលីពីនបានបញ្ជានាវាយ៉ាងប៉ិនប្រសប់ និងបានគេចផុតពីការប៉ុនប៉ងស្ទាក់ចាប់បានដោយជោគជ័យ។

កាលពីមួយសប្តាហ៍មុនឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា វានាមួយទៀតដែលមានឈ្មោះថា Datu Tamblot ក៏បានជួបប្រទះស្ថានភាពស្រដៀងគ្នានៅក្នុងតំបន់នេះផងដែរ។ តំបន់ Scarborough Shoal គឺជាចំណុចនៃជម្លោះរវាងប្រទេសទាំងពីរចាប់តាំងពីប្រទេសចិន បានដណ្តើមយកវាពីហ្វីលីពីនក្នុងឆ្នាំ ២០១២។

ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានដាក់ពង្រាយកប៉ាល់ល្បាត ដែលទីក្រុងម៉ានីលនិយាយថា រំខានដល់នាវាហ្វីលីពីន និងរារាំងអ្នកនេសាទហ្វីលីពីនពីការចូលទៅកាន់តំបន់ដែលសម្បូរត្រីនៅទីនោះ៕

រូបភាពពី AFP