(វ៉ាស៊ីនតោន)៖ មន្ត្រីទ័ពអាកាសអាមេរិកម្នាក់បានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថាមន្ត្រីរូបនេះដុតខ្លួនឯង ជាការសម្ដែងការប្រឆាំងទៅនឹងសង្រ្គាមក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកជួយសង្រ្គោះមកពីនាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំទីក្រុងវ៉ាស៊ីនតោន បានទៅដល់កន្លែងកើតហេតុ នៅម៉ោង ១៖០០នាទីរសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោយទទួលបានការហៅទូរស័ព្ទថាមានបុរសម្នាក់បានដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៉ីស្រាអែល។ ក្រុមអ្នកជួយសង្រ្គោះបានពន្លត់ភ្លើងឆេះបុរសរូបនេះ ហើយបានបញ្ជូនរូបគេ ទៅកាន់មន្ទីរពេទ្យ ជាមួយស្ថានភាពរងរបួសធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិត។

អ្នកនាំពាក្យកងទ័ពអាកាសអាមេរិកម្នាក់បានបញ្ជាក់ប្រាប់ AFP ថាបុរសខាងលើគឺជាមន្ត្រីទ័ពអាកាសអាមេរិកម្នាក់ តែមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។ ចំណែក អ្នកនាំពាក្យស្ថានទូតអ៉ីស្រាអែលវិញ បាននិយាយថាមិនមានបុគ្គលិករបស់ខ្លួនណាម្នាក់រងរបួសទេ ហើយថាពួកគេមិនបានស្គាល់បុរសរូបនោះឡើយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មន្ត្រីទ័ពអាកាសអាមេរិកខាងលើទំនងជាបានផ្សាយផ្ទាល់ពីសកម្មភាពដុតខ្លួនឯងលើបណ្ដាញទំនាក់ទំនងសង្គម Twitch និងបានស្រែកថា «រូបលោកនឹងមិនសមគំនិតក្នុងអំពើប្រល័យពូជសាសន៍ទេ» មុនចាក់សាំងដុតខ្លួនឯង។

លើសពីទៅទៀត ក្នុងពេលត្រូវបានភ្លើងឆេះ បុរសរូបនេះក៏បានស្រែកផងដែរថា «រំដោះប៉ាឡេស្ទីន» រហូតទាល់តែដួលទៅលើដី។ AFP មិនអាចផ្ទៀតផ្ទាត់ភ្លាមៗពីវីដេអូ បានឡើយ តែកាសែតអាមេរិក New York Times រាយការណ៍ថាវីដេអូនេះត្រូវបានលុបចេញពី Twitch។

គួរបញ្ជាក់ថា ការដុតខ្លួនឯងរបស់មន្ត្រីទ័ពអាកាសអាមេរិក កើតមានឡើង ខណៈបាតុកម្មតវ៉ាបានកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងសង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ជាទីដែលជនជាតិប៉ាឡេស្ទីនជិត ៣០ ០០០នាក់ហើយត្រូវបានសម្លាប់៕

រូបភាព AFP