(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងនឹងទទួលស្វាគមន៍មេដឹកនាំអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមរយៈការរៀបចំសនិ្នសីទមួយមានគោលដៅ ពង្រឹងការគំាទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន ខណៈសង្រ្គាមរបស់រុស្ស៉ីឈានចូលឆ្នាំទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

វិមានប្រធានាធិបតីបារាំង ក៏បានបញ្ជាក់ដែរថាកិច្ចប្រជុំក្នុងទីក្រុងប៉ារីសនឹងក្លាយជាឱកាសមួយឱ្យអ្នកចូលរួមទាំងអស់ បញ្ជាក់ឡើងវិញពីសាមគ្គីភាពរបស់ពួកគេ ព្រមទាំង ការប្ដេជ្ញាចិត្តដើម្បីយកឈ្នះលើសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ វាក៏ជាឱកាសមួយដើម្បីឱ្យលោក Macron លើកកម្ពស់ខ្លួនឯងក្នុងនាមជា មេដឹកនាំលោកខាងលិចម្នាក់ដែលគិតគូពីបុព្វហេតុអ៊ុយក្រែនផងដែរ ក្នុងបរិបទមានការរំពឹងការគំាទ្ររបស់សហរដ្ឋអាមេរិកអាចនឹងចុះខ្សោយនៅប៉ុន្មានឆ្នាំខាងមុខ។

គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នឹងស្ថិតនៅក្នុងចំណោមប្រមុខរដ្ឋអឺរ៉ុប និងតំណាងរដ្ឋាភិបាលទាំង ២០រូប ដែលត្រូវបានរំពឹងថានឹងមានវត្តមាននៅឯសន្និសីទក្នុងទីក្រុងប៉ារីស ដែលលោក ហ្សេលេនស្គី នឹងថ្លែងសុន្ទរកថាតាមវីដេអូ។ ប្រទេសដែលនឹងបញ្ជូនតំណាងរបស់ ខ្លួនចូលរួមថ្នាក់រដ្ឋមន្ត្រី ក៏មានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាផងដែរ៕

រូបភាពពី AFP