(កាប៊ុល)៖ ក្រុមតាលីបង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានដោះលែងលោក Herbert Fritz អាយុ ៨៤ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាសកម្មជនស្តាំនិយមម្នាក់សញ្ជាតិអូទ្រីស បន្ទាប់ពីត្រូវចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

រដ្ឋាភិបាលអូទ្រីស បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Fritz បានមកដល់ទីក្រុងដូហា (Doha) ក្រោមការសម្របសម្រួលពីរដ្ឋាភិបាលកាតា។ ក្រសួងការបរទេសអូទ្រីស បានប្រកាសថា ខ្លួនបានប្រឹងប្រែងធ្វើការងារនេះ ដើម្បីធានាដល់ការដោះលែង លោក Fritz ហើយអរគុណដល់កាតា និងអ្នកតំណាងរបស់សហភាពអឺរ៉ុប នៅក្នុងទីក្រុងកាប៊ុល សម្រាប់ការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជួយឱ្យ លោក Fritz អាចត្រលប់មកប្រទេសកំណើតវិញបាន។ ចំណែកក្រសួងការបរទេសកាតា បានសម្តែងការដឹងគុណចំពោះរដ្ឋបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន សម្រាប់កិច្ចសហប្រតិបត្តិការដោះលែងជនជាតិអូទ្រីស នាពេលនេះ។

គួរបញ្ជាក់ថា បើតាមកាសែតអូទ្រីស Der Standard លោក Fritz ត្រូវបានតាលីបង់ចាប់ខ្លួន ដោយសង្ស័យពីបទធ្វើចារកម្ម។ លោក Fritz គឺជាសមាជិកស្ថាបនិកមួយរូបនៃគណបក្សប្រជាធិបតេយ្យជាតិ (NDP) របស់អូទ្រីស មាននិន្នាការស្តាំនិយមជ្រុល និងត្រូវបានហាមឃាត់ក្នុងឆ្នាំ ១៩៨៨៕

រូបភាពពី Reuters