(កៀវ)៖ មេដឹកនាំអ៊ុយក្រែនបានថ្លែងថានឹងមាន «មនុស្សច្រើនលាននាក់ទៀត នឹង ស្លាប់ក្នុងសង្គ្រាម អ៊ុយក្រែនដោយសាររុស្ស៊ី ប្រសិនណាបើសមាជិកសភាសហរដ្ឋអាមេរិកមិន ជួយអនុម័តលើកញ្ចប់ជំនួយយោធា៦១ពាន់លានដល់អ៊ុយក្រែននោះទេ»។ លោកហ្សេឡិនស្គី បានថ្លែងថាលោកនឹងស្វែងរក ជ័យជម្នះឱ្យបានលើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសន្យាថាអ៊ុយក្រែននឹងស្វែងរក ជ័យជម្នះប្រឆាំងនឹងរុស្ស៊ីឱ្យទាល់តែបាន ខណៈការប្រយុទ្ធជាក់ស្តែង នៅលើសមរភូមិត្រូវគេ ឃើញថាអ៊ុយក្រែននៅតែពឹងផ្អែកលើ ការផ្តល់ជំនួយពីក្រុមប្រទេសលោកខាងលិច។ ការសន្យាស្វែងរកជ័យជម្នះនេះ បានធ្វើឡើងក្នុងឱកាសប្រារព្ធ ខួបឆ្នាំទី២នៃទិវាចូលលុក លុយរបស់រុស្ស៊ីលើទឹកដីភាគខាងកើតក្នុងពេល ដែលសង្គ្រាមរយៈពេល២ឆ្នាំមកនេះ ក្តីរំពឹង ឈ្នះរបស់អ៊ុយក្រែនលើរុស្ស៊ី ត្រូវគេឃើញថា មានឱកាសតិចតួចណាស់ដោយអ៊ុយក្រែន ដែលតែងត្អូញត្អែរជារឿយៗនៃការខ្វះគ្រាប់រំសេវ និងសូម្បីតែកម្លាំងទាហានប្រយុទ្ធរបស់ខ្លួន លើសមរភូមិ ក៏មានចំនួនតិចជាងរុស្ស៊ី ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មេដឹកនាំអ៊ុយក្រែន នៅតែមានការរំពឹងថារុស្ស៊ីគង់នឹងចាញ់សង្គ្រាម។

លោក Volodymyr Zelensky នៅក្នុងពិធីមួយនាអាកាសយានដ្ឋាន Gostomel នៃទីក្រុង Kyiv ដែលជាទីកន្លែងដំបូងបំផុតនៃគោលដៅ វាយប្រហាររបស់រុស្ស៊ីនាថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ នោះ បានថ្លែងថា "យើងនឹងឈ្នះ" សង្គ្រាមលើរុស្ស៊ី។ សម្តីអួតអាងថានឹងមានជ័យជម្នះនេះ បានធ្វើនៅចំពោះមុខនាយករដ្ឋមន្ត្រីប្រទេសកាណាដា, អ៊ីតាលី, បែលហ្ស៊ីក និងប្រធានសហគមន៍អឺរ៉ុប លោកស្រី Ursula von der Leyen ដែលបាន ធ្វើដំណើរមកចូលរួមក្នុងខួបរំលឹកទិវា២ឆ្នាំ នៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននេះ។

អគ្គមេបញ្ជាការថ្មីនៃកងទ័ពអ៊ុយក្រែនលោកឧត្តមសេនីយ៍ Oleksandr Syrsky បាននិយាយថា លោកមានទំនុកចិត្តថា អ៊ុយក្រែននឹងទទួលជ័យជម្នះ ដោយផ្អែកលើទ្រឹស្តី «ភាពភ្លឺតែងតែឈ្នះ លើភាពងងឹត»។ នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ គឺ២ឆ្នាំមុននេះ នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសដាក់ចេញនូវ "ប្រតិបត្តិការយោធាពិសេស" នោះ មនុស្សជាច្រើនបាននិ យាយទុកជាមុនក្នុងពេលនោះថា រុស្ស៊ីនឹងទទួលជ័យជម្នះក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែអ៊ុយក្រែននិយាយថា គេបានវាយបកវិញដោយបង្ខំឱ្យទាហានរុស្ស៊ីដកថយទៅវិញក្នុង ភាពអាម៉ាស។

រុស្ស៊ីបានបង្ហាញទៅវិញថា គេមិនមានបំណងចង់ផ្តួលរំលំរបបដឹកនាំក្រុងគៀវឡើយ ប៉ុន្តែ គោលបំណងប្រតិបត្តិការយោធាពិសេសនោះ គឺបំបាត់អំពើណាស៊ីរបស់ អ៊ុយក្រែនលើទឹកដី ភាគខាងកើត និងការកាត់ផ្តាច់យកតំបន់ភាគកើត ចំនួន៤ជាទឹកដីរណប គឺខេត្តដូណេតស៍, ខឺសិន, លូហានស៍និងខេត្តហ្សាប៉ូរីហ្សៀ ដោយ រុស្ស៊ី បារម្ភខ្លាចក្រែងក្រុមប្រទេសលោកខាង លិចនឹងប្រើប្រាស់អ៊ុយក្រែន ធ្វើជាឧបករណ៍សឹក ដើម្បីកាត់បន្ថយឬបំបាត់ឥទ្ធិពលមហា អំណាចរុស្ស៊ីនាភាគខាងកើតទ្វីបអឺរ៉ុប។

ខេត្តទាំងបួននាភាគខាងកើតអ៊ុយក្រែននោះ ក្រោយមកគឺនៅក្នុងខែកញ្ញាឆ្នាំ២០២២ត្រូវបាន រុស្ស៊ីប្រកាសដាក់ជាតំបន់រណប បើទោះបីជាមានការថ្កោលទោសរិះគន់ ពីអន្តរជាតិក៏ដោយ។ នៅក្នុងឆ្នាំ២០២៣, ក្រោយមានការផ្តល់អាវុធយុទ្ធភណ្ឌ យ៉ាងពេញលេញពីប្រទេសលោកខាង លិច ជាពិសេសពីសហរដ្ឋអាមេរិកនោះមក, អ៊ុយក្រែនបានប្រកាសការវាយលុកដើម្បីដណ្តើម យកទឹកដីភាគខាងកើតរបស់ខ្លួនទាំងបួនមកវិញក៏ដូចជាការបង្ហាញការចង់វាយដណ្តើមយក តំបន់គ្រីមៀរ ដែលរុស្ស៊ីបានកាន់កាប់តាំងពីឆ្នាំ ២០១៤នោះផងទៀត។

ប៉ុន្តែយុទ្ធនាការវាយ លុកក្នុងឆ្នាំ២០២៣របស់អ៊ុយក្រែន មិនអាចសម្រេចបានឡើយ។ រុស្ស៊ីបានត្រៀមច្រើនខែ ជីក លេណដ្ឋាន និងដាក់ពង្រាយគ្រាប់មីន និងរបាំងឧបសគ្គច្រើនស្អេកស្កះ ដើម្បីទប់ទល់ទុកជា មុនគ្រាដែលអ៊ុយក្រែនបានបង្ហើប គម្រោងវាយលុកដណ្តើមយក ទឹកដីវិញនោះ។ ការវាយប្រ ហារ Counter Offensive របស់អ៊ុយក្រែនមិនបានសម្រេច ដូចតាមបំណងឡើយ។ លើសពីនោះ ទាំងអ៊ុយក្រែន និងរុស្ស៊ី ត្រូវគេរាយការណ៍ជុំវិញការបាត់បង់កម្លាំងយោធាសង ខាងយ៉ាងធ្ងន់ធ្ងរថែមទៀត។

មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គីបានថ្លែងថា ទាហានអ៊ុយក្រែនដែលបានបាត់បង់ជីវិត មានតួលេខតែចំនួន ៣ម៉ឺន១ពាន់នាក់តែប៉ុណ្នោះ ក្នុងរយៈពេល២ឆ្នាំមកនេះ ខណៈដែលមន្ត្រីអាមេរិកបានវាយតម្លៃថា ទាហានអ៊ុយក្រែនបានបាត់បង់ជីវិត មានជិតដល់ចំនួន៧ម៉ឺននាក់។ មន្ត្រីអាមេរិកថែមទាំងបានវាយតម្លៃទៀតថា ចំណែកទាហានរុស្ស៊ីវិញ មានទាហានស្លាប់ប្រ មាណ១២ម៉ឺននាក់ ប៉ុន្តែមេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គីវិញ បាននិយាយថា តួលេខនៃ ទាហានរុស្ស៊ីស្លាប់ មានច្រើនដល់១៨ម៉ឺន នាក់ឯណោះ។

ការវាយតម្លៃនៃតួលេខទាហានស្លាប់ ត្រូវគេឃើញថាតែងបានបង្ហាញតួលេខខុសៗគ្នា។ រុស្ស៊ីបាននិយាយថាក្នុងរយៈពេល២ឆ្នាំ នៃការធ្វើសង្គ្រាមមកនេះ មានទាហានអ៊ុយក្រែន ប្រ មាណពី១៥ម៉ឺនទៅ៣០ម៉ឺននាក់បានស្លាប់ ប៉ុន្តែបើយោងតាមការបញ្ជាក់ របស់លោកហ្សេឡិន ស្គីតបនឹងសំណួររបស់អ្នកកាសែតក្នុងសប្តាហ៍នេះ បានបញ្ជាក់ថា តួលេខទាហានអ៊ុយក្រែន ស្លាប់មានចំនួន៣ម៉ឺន១ពាន់នាក់នោះទេ។ លោកហ្សេឡិនស្គី បានបដិសេធមិនបញ្ចេញនូវតួ លេខទាហានដែលរងរបួសឡើយ ដោយថ្លែងថា ការបញ្ចេញនូវតួលេខអ្នករងរបួសនោះ នឹង ជួយដល់រុស្ស៊ីក្នុងការរៀបចំគម្រោងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

លោកហ្សេឡិនស្គី ថ្លែងនៅក្នុងសន្និសីទមួយរយៈពេល២ម៉ោងក្នុងរដ្ឋធានីគៀវ កាលពីថ្ងៃអា ទិត្យទី២៥កុម្ភៈ បង្ហាញនូវភាពលំបាកចំពោះមុខសម្រាប់ឆ្នាំ ២០២៤គ្រាដែលលោកប្រាប់អ្នក ចូលរួមថា រុស្ស៊ីនឹងអាចរៀបចំធ្វើការវាយលុក សាជាថ្មីមួយដាក់មកលើអ៊ុយក្រែននៅក្នុងរង្វង់ ចុងខែឧសភាឬក្នុងរដូវក្តៅឆ្នាំ២០២៤ ប៉ុន្តែលោកបានថ្លែងថាអ៊ុយក្រែន ក៏មានគម្រោងផែន ការវាយលុករបស់ខ្លួនវិញផងដែរ ប៉ុន្តែគម្រោងការណ៍ជាក់លាក់ណាមួយសាជាថ្មីនោះ មិនបានលាតត្រដាង ជាសាធារណៈឡើយ។ អ៊ុយក្រែនដែលបានលាតត្រដាងជាមុននូវគម្រោង ការវាយលុក Counter Offensive ឆ្នាំ២០២៣ មិនបានទទួលលទ្ធផល ដូចតាមគម្រោងគិត របស់ខ្លួនឡើយ។ លោកហ្សេឡិនស្គី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «យើងមានគំរោង… ដែលជាគំរោងជាក់លាក់ ប៉ុន្តែខ្ញុំមិនអាចប្រាប់ទៅអ្នកនូ វគម្រោងលំអិតទាំងនោះឡើយ»។

អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg បាននិយាយជំរុញមេដឹកនាំអ៊ុយក្រែន និង ប្រទេសនៃសម្ព័ន្ធមិត្ត មិនត្រូវបាត់បង់ទឹកចិត្តឡើយ …ចំណែកប្រធានសហគមន៍អឺរ៉ុប លោក ស្រី Ursula von der Leyen នោះវិញ លោកបានថ្លែងកោតសរសើរចំពោះភាពប្រឆាំងរបស់ អ៊ុយក្រែនក្នុងរយៈពេលធ្វើសង្គ្រាម២ឆ្នាំ ទប់ទល់នឹងអំពើឈ្លានពាន របស់រុស្ស៊ី។

ដើម្បីលើកទឹកចិត្តអ៊ុយក្រែន ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី, រដ្ឋាភិបាលក្រុងគៀវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខជាមួយនឹងរដ្ឋាភិបាលក្រុង Ottawa និងរដ្ឋាភិបាលក្រុង Rome ដោយប្រទេសកាណាដាបាននិយាយថាគេ នឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុនិងជំនួយ យោធាសរុបចំនួន២.២ពាន់លាន ដុល្លារសម្រាប់ឆ្នាំ ២០២៤ដល់អ៊ុយក្រែន ។

បណ្តាមេដឹកនាំនៃប្រទេស G7 ក៏បានចូលរួមសន្យាការគាំទ្រអ៊ុយក្រែនដើម្បីរួមគ្នាប្រឆាំង នឹង រុស្ស៊ីថែមទៀតក្នុងកិច្ចប្រជុំ តាមប្រព័ន្ធOnline កាលពីចុងសប្តាហ៍នេះ។ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ បញ្ជាក់ថា «យើងនឹងឈរជាមួយអ៊ុយក្រែន និងផ្តល់នូវអ្វីដែលអ៊ុយក្រែនត្រូវការ ទោះក្នុងរយៈពេលយូរវែង ប៉ុណ្ណាក៏ដោយ»។ ប្រទេសកាណាដាបានចូលរួមជាមួយនឹងប្រទេសអ៊ីតាលី, អង់ គ្លេស, អាល្លឺម៉ង់, បារាំងនិងដាណាម៉ាក ក្នុងការបំពេញ កិច្ចព្រមព្រៀងសន្តិសុខ រយៈពេល១០ ឆ្នាំជាមួយនឹងប្រទេសអ៊ុយក្រែនផងទៀត។

ការសន្យារបស់ប្រទេសនានាក្នុងអង្គការណាតូដើម្បីបន្តជួយអ៊ុយក្រែនធ្វើសង្គ្រាមជាមួយនឹង រុស្ស៊ី បើទោះបីបានបង្ហាញ នូវក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២៤ក៏ដោយ, ក្តីរំពឹងមួយរបស់អ៊ុយក្រែន ចំពោះសហរដ្ឋអាមេរិកលើជំនួយយោធា និងហិរញ្ញវត្ថុនៅមិនទាន់ បានទទួលភ្លើងសញ្ញាបៃតង នៅឡើយទេ។ ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក បានបន្តរារាំង កញ្ចប់ជំនួយ៦១ពាន់លានដុល្លារ នៅឡើយទេបើទោះបីជាស្ថាប័នព្រឹទ្ធសភាបានអនុម័តរួចក៏ដោយ។

លោកហ្សេឡិនស្គី ត្រូវបានអ្នកសារព័ត៌មានស្កាត់សួរ ជុំវិញភាពរអាក់រអួលនៃជំនួយយោធា របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន។ លោកហ្សេឡិនស្គី បានថ្លែងថា សហរដ្ឋអាមេរិក នឹងធ្វើការសម្រេចចិត្តដ៏ល្អមួយចំពោះអ៊ុយក្រែន។ លោកថ្លែងថាវាចាំបាច់ណាស់ ដែលសហរដ្ឋអាមេរិកត្រូវតែប្រញាប់ធ្វើការផ្តល់ជំនួយមកអ៊ុយក្រែន។

អ្នកកាសែតបានសួរទៅលោកហ្សេឡិនស្គីទៀតថា តើលោកនឹងបាត់បង់ជំនឿដល់សហរដ្ឋអាមេរិកដែរឬទេ? លោកហ្សេឡិនស្គី បានប្រញាប់ឆ្លើយ No តបមកវិញយ៉ាងលឿន និងបញ្ជាក់ថាសហរដ្ឋអាមេរិកជាប្រទេសដែលមានពលរដ្ឋដ៏ល្អ និងថាលោកទុកចិត្តលើសហរដ្ឋអាមេរិក ដែលនឹងជួយជម្រុញមនុស្សគ្រប់គ្នា ដើម្បីជួយផលប្រយោជន៍ របស់អ៊ុយក្រែន។

ប៉ុន្តែផ្លូវធ្វើដំណើរទៅមុខរបស់អ៊ុយក្រែន ត្រូវគេនិយាយថាថាហាក់ដូចជាមិនមានរួបភាពល្អ សោះឡើយជាពិសេសស្ថានការណ៍ នយោបាយកើតឡើងក្នុងសហរដ្ឋអាមេរិកបើសិនជា លោកដូណាល់ត្រាំនឹងឡើងកាន់តំណែងក្នុងសេតវិមានសាជាថ្មី។ លោកដូណាល់ត្រាំដែល ជាបេក្ខជននាំមុខរបស់គណបក្សសាធារណរដ្ឋ សម្រាប់ការប្រកួតប្រជែង បោះឆ្នោតប្រធានា ធិបតីក្នុងខែវិច្ឆិកាឆ្នាំ២០២៤ បានថ្លែងថាលោកនឹងស្នើឱ្យ សម្ព័ន្ធមិត្តអឺរ៉ុបត្រូវសងសំណងមក សហរដ្ឋអាមេរិកវិញ នូវទឹកប្រាក់២០០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានបញ្ជួនទៅឱ្យ អ៊ុយក្រែនកន្លងមកនេះ។ បើសិនជាលោកដូណាល់ត្រាំ នឹងវិលត្រឡប់មកកាន់អំណាចវិញក្នុង ការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ, អ៊ុយក្រែននឹងបាត់បង់ការគាំទ្រទាំងស្រុង ពីសហរដ្ឋអាមេ រិកជាមិនខាន។ លោកហ្សេឡិនស្គីដែលសារភាពថា មានទាហានអ៊ុយក្រែនស្លាប់ចំនួន៣ម៉ឺន ១ពាន់នាក់រួចមកនោះ បានប្រាប់ CNN កាលពីថ្ងៃទី២៥កុម្ភៈថា «មនុស្សច្រើនលាននាក់នឹង ស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនដោយសាររុស្ស៊ី ប្រសិនណាបើ សមាជិកសភាសហរដ្ឋអាមេរិកមិន ជួយអនុម័តលើកញ្ចប់ជំនួយយោធា ៦១ពាន់លានដល់អ៊ុយក្រែននោះទេ»។

ស្ថានការណ៍សឹកសម្រាប់ឆ្នាំ២០២៤ក្នុងប្រទេសអ៊ុយក្រែន ត្រូវគេរាយការណ៍ថាមិនមាន សភាពល្អឡើយដោយរុស្ស៊ី កំពុងតែមានប្រៀបលើសមរភូមិ។ អ៊ុយក្រែនបានបោះបង់ចោល ទីក្រុងគន្លឹះមួយរបស់ខ្លួនថែមទៀតនាពេលថ្មីៗមកនេះ គឺក្រុង Adiivka ដែលអ៊ុយក្រែនបាន ការពារជាបន្ទាយដ៏រឹងមាំមួយក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ។ រដ្ឋាភិបាលអ៊ុយក្រែនបន្ទោស ថាការបាត់បង់ក្រុង Adiivka គឺដោយសារតែអ៊ុយក្រែនខ្វះគ្រាប់មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ។ លោកហ្សេឡិនស្គី បានអំពាវដល់ប្រទេសអង្គការណាតូ សូមជួយបញ្ជួនអាវុធមីស៊ីលបាញ់ រយៈចម្ងាយឆ្ងាយមករដ្ឋាភិបាលក្រុងគៀវ និងផ្តល់ប្រព័ន្ធអាវុធការពារអាកាសជាច្រើនថែម ទៀតសម្រាប់ការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីក្នុងឆ្នាំ២០២៤៕

រូបភាពពី Reuters