(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន​ នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ស្តាប់ការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងចាត់វិធានការជាក់ស្តែង ដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបាន នូវបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សាស្ទ្រីប និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលលោកត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកត្រូវបានប្រទេសមួយចំនួន រិះគន់ចំពោះការប្រឆាំងបទឈប់បាញ់បន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។

លោកស្រី Mao បាននិយាយដូច្នេះថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលនាពេលថ្មីៗនេះ នៅតែកើនឡើង ហើយស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប គឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ដោយជនស៊ីវិលជិត ៣០,០០០នាក់ត្រូវបានសម្លាប់ និងប្រហែល ១.៩ លាននាក់ត្រូវភៀសខ្លួន។

លោកស្រីបានសង្កត់ធ្ងន់ថា បទឈប់បាញ់បន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប គឺជាការអំពាវនាវជាសាកល និងជាការឯកភាពដ៏លើសលប់របស់សហគមន៍អន្តរជាតិ ដោយបន្ថែមថា សហរដ្ឋអាមេរិកត្រូវតែគោរពតាមការអំពាវនាវ និងចាត់វិធានការជាក់ស្តែង ដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌៕

រូបភាពពី AFP