(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ដែលបានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ បានស្លាប់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នក​នាំ​ពាក្យ​កង​ទ័ព​អាកាស​បាន​និយាយ​ថា បុរស​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ «បាន​ស្លាប់​ហើយដោយសារ​របួស ​កាល​ពី​យប់​មិញ​ (ម៉ោងក្នុងតំបន់)» ដោយបន្ថែមថា ព័ត៌មាន​លម្អិត​បន្ថែម​ទៀត នឹងត្រូវជូនដំណឹងក្នុង​រយៈពេល ២៤ ម៉ោង​។

គួរបញ្ជាក់ថា ការដុតខ្លួនឯងរបស់មន្ត្រីទ័ពអាកាសអាមេរិក កើតមានឡើង ខណៈបាតុកម្មតវ៉ាបានកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងសង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ជាទីដែលជនជាតិប៉ាឡេស្ទីនជិត ៣០ ០០០នាក់ហើយត្រូវបានសម្លាប់៕

រូបភាពពី AFP