(បេរូត)៖ កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទនេះថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានទម្លាក់គ្រាប់បែក លើគោលដៅរបស់ក្រុមប្រដាប់អាវុធហេសបូឡា «យ៉ាងជ្រៅចូលទៅក្នុងប្រទេសលីបង់» ខណៈដែលអ្នកស្រុកបានរាយការណ៍ពីការផ្ទុះនៅក្បែរទីក្រុង Baalbek ភាគឦសានប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

វាគឺជាការវាយប្រហារយ៉ាងជ្រៅបំផុតមួយទៅក្នុងប្រទេសលីបង់ ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមជាងបួនខែមុនមកនេះ។ មួយថ្ងៃមុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant បានប្តេជ្ញាថា នឹងបង្កើនការវាយប្រហារលើក្រុមហេសបូឡាក្នុងប្រទេសលីបង់ បើទោះបីជាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់នៅហ្គាហ្សាស្ទ្រីប ត្រូវសម្រេចបានក៏ដោយ។

មន្ត្រីសន្តិសុខលីបង់បាននិយាយថា កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួនបីលើក លើភូមិ Buday ស្ថិតជាយក្រុង Baalbek ដោយផ្តោតលើក្បួនរថយន្តដឹកទំនិញ។ ទោះជាយ៉ាងណា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​អ្នក​ស្លាប់ ឬរង​របួស​នៅ​ឡើយ​ទេ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល ភាគច្រើនត្រូវបានកំណត់ត្រឹមតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាពួកគេបានឈានទៅដល់ភាគខាងជើងបន្ថែមទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ប្រភពសន្តិសុខលីបង់បាននិយាយថា ការទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ បានបង្ហាញពីការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់អ៊ីស្រាអែល។

តំបន់ Baalbek ដែលស្ថិតក្នុងជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ត្រូវបានចាត់ទុកថាជាបន្ទាយនយោបាយដ៏រឹងម៉ាំរបស់ក្រុមហេសបូឡា ហើយជាទីតាំង នៃប្រាសាទបុរាណរបស់រ៉ូម៉ាំង និងជាមជ្ឈមណ្ឌលកសិកម្ម និងដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសលីបង់ផងដែរ៕

រូបភាពពី Reuters