(ញូវយ៉ក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ដោយគ្មានជំនួយយោធាថ្មីពីសហរដ្ឋអាមេរិក ប្រទេសរបស់លោក នឹងមិនអាចការពារការដឹកជញ្ជូនតាមសមុទ្រខ្មៅ ដែលជាច្រកផ្លូវនាំចេញគ្រាប់ធញ្ញជាតិរាប់ម៉ឺនតោន ពីអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោកបាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

អ៊ុយក្រែន បានបើកច្រករបៀងដឹកជញ្ជូននៅឆ្នេរប៉ែកខាងលិចនៃសមុទ្រខ្មៅ ក្បែរប្រទេសរ៉ូម៉ានី និងប៊ុលហ្ការី កាលពីខែសីហា ឆ្នាំ ២០២៣ មួយខែបន្ទាប់ពីរុស្ស៉ីដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាព ដែលផ្តួចផ្តើមឡើងដោយអង្គការសហប្រជាជាតិ និងតួកគី។ បើតាមការិយាល័យការបរទេសអាល្លឺម៉ង់ អ៊ុយក្រែននឹងអាចនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ ដែលបានមកពីការប្រមូលផលឆ្នាំ ២០២៣ ទោះជាការវាយប្រហាររបស់រុស្ស៉ីកំពុងបន្តធ្វើទៅលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដោយ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក ហ្សេលេនស្គី បានពិពណ៌នាពីការបង្កើតច្រករបៀងនៅសមុទ្រខ្មៅថាជា «ជោគជ័យដ៏ធំធេង» ដែលរហូតមកដល់ពេលនេះ អនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិបានប្រមាណ ៣០លានតោន រួមទាំងផលិតផលកសិកម្មផ្សេងទៀត។ ប៉ុន្តែលោកបានព្រមានថា ប្រសិនបើសភាអាមេរិក មិនអនុម័តកញ្ចប់ជំនួយសន្តិសុខ ៦០ពាន់លានដុល្លារទេនោះ អនាគតនៃការដឹកជញ្ជូននឹងស្រពិចស្រពិលមិនខាន។

គួរបញ្ជាក់ថា ទាំងអ៊ុយក្រែននិងរុស្ស៉ី គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំៗរបស់ពិភពលោកដូចគ្នា។ អង្គការសហប្រជាជាតិបានបន្ទោសរុស្ស៉ី ជុំវិញសង្គ្រាមឈ្លានពានអ៊ុយក្រែន ថានាំឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ៕

រូបភាពពី Reuters