(អ៊ូឡង់បាទ័រ)៖ មន្រ្តីរដ្ឋាភិបាលមួយរូប បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សត្វពាហនៈច្រើនជាង ២លានក្បាលបានងាប់ នៅក្នុងប្រទេសម៉ុងហ្គោលី នារដូវរងានេះ ខណៈដែលអាកាសធាតុមានលក្ខណៈត្រជាក់ខ្លាំង និងមានព្រិលធ្លាក់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

ម៉ុងហ្គោលី ជាប្រទេសគ្មានផ្លូវគោកនៅតំបន់អាស៉ីបូព៌ា មានព្រំប្រទល់ជាប់រុស្ស៉ីនៅភាគខាងជើង និងជាប់ចិននៅភាគខាងត្បូង។ ជាធម្មតារដូវរងា ចាប់ផ្តើមពីខែធ្នូ រហូតដល់ខែមីនា ដោយសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់កម្រិត -៥០អង្សាសេ នៅតាមផ្នែកខ្លះនៃប្រទេស។ ប៉ុន្តែបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) រដូវរងានេះហាក់អូសបន្លាយពេលយូជាងធម្មតា ជាមួយសីតុណ្ហភាពទាបខុសប្រក្រតី និងព្រិលធ្លាក់ខ្លាំង។ លោក Gantulga Batsaikhan មន្រ្តីនៃក្រសួងកសិកម្មម៉ុងហ្គោលី បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ សត្វពាហនៈចំនួន ២.១លានក្បាលបានងាប់ដោយសារតែភាពអត់ឃ្លាន។

គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ ២០២៣ ម៉ុងហ្គោលី មានសត្វពាហនៈសរុប ៦៤.៧លានក្បាល។ លំនាំអាកាសធាតុដ៏ត្រជាក់ដែលគេស្គាល់ថា «dzud» តែងតែបណ្តាលឱ្យសត្វជាច្រើនងាប់។ ម៉ុងហ្គោលី បានជួបប្រទះនូវអាកាសធាតុបែបនេះ ៦លើករួចមកហើយក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ រួមទំាងឆ្នាំ ២០២២ ដល់ ២០២៣ ដែលបានបណ្តាលឱ្យសត្វពាហនៈចំនួន ៤.៤លានក្បាលត្រូវងាប់៕

រូបភាពពី AFP