(តូក្យូ)៖ ទិន្នន័យពីរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះ ចំនួនកំណើតទារកនៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ បានបន្តធ្លាក់ចុះសម្រាប់៨ឆ្នាំ​ជាប់ៗគ្នា គឺបានធ្លាក់ដល់កម្រិតដ៏ទាបបំផុត កាលពីឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំំនួនកំណើតថ្មីនៅប្រទេសជប៉ុន បានធ្លាក់ចុះក្នុងអត្រា៥.១ភាគរយ ធៀបទៅនឹងឆ្នាំ២០២២ គឺមានត្រឹម៧៥៨,៦៣១នាក់ ខណៈតួលេខនៃ​ការរៀបអាពាហ៍ពិពាហ៍ បានថយចុះ៥.៩ភាគរយ គឺមានចំនួន៤៩៩,២៨១គូ។ ប្រការនេះធ្វើឱ្យឆ្នាំ២០២៣ គឺជាឆ្នាំដំបូងបំផុត ក្នុងរយៈពេលប្រមាណ៩០ឆ្នាំមកនេះ ដែលចំនួនអាពាហ៍ពិពាហ៍ បានធ្លាក់ក្រោម៥០០,០០០គូ នៅជប៉ុន។

គួរបញ្ជាក់ថា ប្រទេសជិតខាងរបស់ជប៉ុន ក៏កំពុងប្រឈមបញ្ហាស្រដៀងគ្នាផងដែរ។ តួយ៉ាង អត្រាកំណើតសម្រាប់ស្រ្តីម្នាក់ ក្នុងប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០២៣ គឺត្រឹម០.៧២ ហើយវាត្រូវគេរំពឹងថានឹងបន្តធ្លាក់ចុះ រហូតដល់យ៉ាងហោចឆ្នាំ២០២៥។ ចំណែកនៅប្រទេសចិនវិញ កាលពីឆ្នាំ២០២៣ បានមើលឃើញការថយចុះចំនួនប្រជាជន២ឆ្នាំជាប់គ្នា បន្ទាប់ពីជួបប្រទះការធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល៦ទសវត្សរ៍ កាលពីឆ្នាំ២០២២៕

រូបភាពពី AFP