(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសសមាសភាពបេសកជនថ្មី ឱ្យទៅកាន់ស៊ូដង់ ខណៈទីក្រុងវ៉ាស៉ីនតោនស្វែងរក ការបញ្ចប់សង្រ្គាម ដែលបានអង្រួនប្រទេស និងសម្លាប់មនុស្សអស់រាប់ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេស លោក Antony Blinken បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដែល Reuters ទទួលបានថា អតីតមន្រ្តីទូត និងជាសមាជិកសភាអាមេរិក លោក Tom Perriello នឹងដើរតួនាទីជាបេសកជនពិសេស ខណៈអាមេរិកចង់ទាញ ចំណាប់អារម្មណ៍ឡើងវិញ ដើម្បីបញ្ចប់ជម្លោះស៊ូដង់ ក្រោយការចរចាបរាជ័យជាយូរមកហើយ។ សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងទៀតថា លោក Perriello ប្តេជ្ញាកសាងកិច្ចខិតខំប្រឹងប្រែងនៃភាពជាដៃគូទូទាំងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ាដើម្បីបញ្ចប់សង្រ្គាម វិបត្តិមនុស្សធម៌ ក៏ដូចជាអំពើឃោឃៅ។

គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងនៅស៊ូដង់ កាលពីខែមេសា ឆ្នាំ ២០២៣ ជុំវិញការដណ្តើមអំណាចរវាងកងទ័ពស៊ូដង់ និងកម្លាំងទាហានប៉ារ៉ា (RSF) នៅក្រោមផែនការគាំទ្រដោយអន្តរជាតិ ឱ្យមានការផ្លាស់ប្តូររបបនយោបាយ ឆ្ពោះទៅការគ្រប់គ្រងបែបស៉ីវិល ហើយរៀបចំការបោះឆ្នោត។ បើតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ សង្រ្គាមបានបំផ្លាញផ្នែកខ្លះនៃប្រទេស រួមទាំងរដ្ឋធានីខាទុំ ហើយសម្លាប់មនុស្សអស់ជាង ១៣,០០០នាក់ និងបង្កើតវិបត្តិជនភៀសខ្លួនក្នុងស្រុក៕

រូបភាពពី AFP