សហរដ្ឋអាមេរិក និងចិន បើកកិច្ចពិភាក្សាយោធា នៅរដ្ឋ Hawaii
06-04-2024 12:02
(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីយោធាអាមេរិក បានជួបសមភាគីចិន កាលពីដើមសប្ដាហ៍កន្លងទៅនេះ នៅឯកិច្ចប្រជុំជាបន្តបន្ទាប់ ក្នុងរដ្ឋ Hawaii ដោយផ្តោតលើមធ្យោបាយថាតើត្រូវ ធ្វើរបៀបណា ទើបអាចឱ្យប្រទេសទាំង២ ធ្វើប្រតិបត្តិការដោយសុវត្ថិភាព។ នេះបើតាមក្រុមមន្ត្រីអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ មេដឹកនាំទាំង២ បានឯកភាពគ្នា លើការចាប់ផ្ដើមកិច្ចសន្ទនាយោធាឡើងវិញ ក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ យោធាអាមេរិក បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាក្រុមមន្ត្រីមកពីប្រទេស ទាំង២ បានពិនិត្យឡើងវិញលើព្រឹត្តិការណ៍ ដែលបានកើតឡើងនារយៈពេលប៉ុន្មានឆ្នាំមកនេះ និងបានពិភាក្សាគ្នាផងដែរពីការធ្វើប្រតិបត្តិការអាកាស និងសមុទ្រប្រកបដោយ សុវត្ថិភាព និងវិជ្ជាជីវៈ។
ជាមួយគ្នានោះដែរ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយចេញផ្សាយ នៅថ្ងៃសៅរ៍ ទី៦ ខែមេសានេះ ក្រសួងការពារជាតិចិនបានបញ្ជាក់ថាភាគីទាំង២ មានកិច្ចពិភាក្សាផ្លាស់ប្ដូរ យោបល់ប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈស្ថាបនាស្ដីពីស្ថានភាពសន្តិសុខសមុទ្រ និងអាកាសរវាងចិន និងសហរដ្ឋអាមេរិក។ តាមក្រសួងការពារចិន នៅក្នុងជំនួបនោះ ភាគីចិនបានប្រកាន់ជំហរប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងបំផ្លាញអធិបតេយ្យ និងសន្តិសុខរបស់ចិន ដោយប្រើលេសសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរ។
គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងយោធាអាមេរិក និងចិនខាងលើ ដែលគេស្គាល់ថាក្រុមការងារកិច្ចព្រមព្រៀងពិគ្រោះយោបល់យោធាដែនសមុទ្រ ឬ MMCA បានប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ក្នុងទីក្រុង Honolulu និងជាជំនួបលើកដំបូងចាប់តាំងពីឆ្នាំ២០២១មក៕