(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់ប្រទេសចិន រដ្ឋមន្រ្តីការបរទេស លោក Antony Blinken នឹងលើកឡើងពីក្តីបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះការជួយរបស់ចិនដល់រុស្ស៉ី កសាងមូលដ្ឋានឧស្សាហកម្មការពារជាតិ ដែលនឹងយកទៅបម្រើដល់សង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ ២០២៤។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Miller បញ្ជាក់ថា ប៉ុន្មានខែមកនេះ មានការបញ្ជូនគ្រឿងបរិក្ខាពីចិនទៅរុស្ស៉ី ដែលរុស្ស៉ីយកទៅប្រើប្រាស់សម្រាប់កសាងមូលដ្ឋានឧស្សាហកម្ម និងផលិតអាវុធ ហើយទាំងនោះបានបង្ហាញខ្លួន នៅលើសមរភូមិអ៊ុយក្រែន។ សម្ភារៈដែលចិនកំពុងនាំទៅរុស្ស៉ី រួមមាន យន្តហោះដ្រូន និងបច្ចេកវិទ្យាមីស៉ីល រូបភាពផ្កាយរណប និងឧបករណ៍ម៉ាស៉ីនដែលកំពុងខ្វះខាតសម្រាប់ជួយអ៊ុយក្រែន។

លោក ចូ បៃដិន បានលើកឡើងនូវបញ្ហានេះប្រាប់ លោក ស៉ី ជីនពីង ក្នុងជំនួបតាមទូរស័ព្ទកាលពីដើមខែនេះ ដែលក្រោយមកក្រុមអាមេរិកនិយាយថា លោក Blinken នឹងត្រូវធ្វើដំណើរទៅចិន នៅប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការទេ។ ជុំវិញដំណឹងនេះ លោក Miller គូសបញ្ជាក់ថា «មិនចាំបាច់និយាយវែងឆ្ងាយទេ យើងរំពឹងថាបញ្ហានោះនឹងត្រូវបានលោក Blinken លើកឡើង»។

គួរបញ្ជាក់ថា អ្នកនាំពាក្យស្ថានទូតចិន បានប្រាប់ Reuters កាលពីសប្តាហ៍មុនថា ចិនមិនមែនជាភាគីនៃជម្លោះអ៊ុយក្រែននោះទេ ហើយការធ្វើពាណិជ្ជកម្មជាធម្មតារវាងចិន និងរុស្ស៉ី មិនគួរមានការជ្រៀតជ្រែk ឬដាក់កំហិតឡើយ៕