(ហ្សាការតា)៖ ក្រោយជំនួបពិភាក្សាគ្នាជាមួយ សមភាគីឥណ្ឌូណេស៉ី នៅក្នុងទីក្រុងហ្សាការតា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិននិងឥណ្ឌូណេស៉ី បានសន្យាពង្រឹងចំណងទាក់ទងផ្នែកសេដ្ឋកិច្ច និងរួមគ្នារក្សាសុខសន្តិភាពក៏ដូចជា​ស្ថិរភាព នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។

អំឡុងជំនួបទ្វេភាគីខាងលើ ប្រទេសទាំងពីរ បានសន្យារក្សាសន្តិភាពនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដោយលោក Wang បានលើកឡើងថា រូបលោកមានក្តីរំពឹងខ្ពស់ថា កិច្ចចរចាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលជាដែនសមុទ្រមានបញ្ហាវិវាទ នឹងអាចដំណើរការទៅមុខបានរហ័ស ជាងពេលបច្ចុប្បន្ន។ ស្របពេលជាមួយគ្នា លោកប្រមុខការទូតចិន ក៏បានអំពាវនាវឱ្យភាគីទាំងអស់ក្នុងជម្លោះនៅឯតំបន់ហ្កាហ្សា រក្សាភាពអត់ធ្មត់ផងដែរ ហើយបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែគាំទ្រដំណោះស្រាយរបស់ UN សម្រាប់បទឈប់បាញ់នៅហ្កាហ្សា។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី។ បើតាមរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី​ លោកស្រី Retno Marsudi ការវិនិយោគរបស់ចិននៅឥណ្ឌូណេស៉ី បានកើនដល់ទំហំជាង៧.៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ហើយឥឡូវ ប្រទេសទាំងពីរ កំពុងស្វែងរកវិធីដើម្បីពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត តាមរយៈការបង្កើនការវិនិយោគ ឱ្យកាន់តែស៉ីជម្រៅនៅក្នុង​វិស័យផ្សេងៗ៕