(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមភ្នាក់ងារជួយសង្រ្គោះនៅប្រទេសឥណ្ឌូណេស៉ី កំពុងខ្នះខ្នែងជម្លៀសមនុស្សរាប់ពាន់នាក់ បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះឡើងចំនួន៥លើក ជាហេតុបង្ខំឱ្យអាជ្ញាធរ បិទព្រលានយន្តហោះមួយកន្លែង ព្រមទាំងចេញសារព្រមានអំពីការបាក់ស្រុតដី ដែលអាចបង្កជារលកយក្សស៊ូណាមិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។

ភ្នំភ្លើង Ruang បានផ្ទុះឡើង៤ដង កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលជំរុញឱ្យអាជ្ញាធរសម្រេចដំឡើង កម្រិតប្រកាសអាសន្ននៃភ្នំភ្លើងនោះ ដល់កម្រិតខ្ពស់បំផុត។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិ Sam Ratulangi ដែលនៅកៀកបំផុត ក្នុងទីក្រុង Manado ចម្ងាយប្រហែលជាង​១០០គីឡូម៉ែត្រពីភ្នំភ្លើង ត្រូវបិទទ្វាររហូតដល់ យប់ថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា ឥឡូវពួកគេកំពុងរួសរាន់​ជម្លៀស អ្នកស្រុកចំនួនប្រមាណ១១,០០០នាក់ទៀត ចេញពីតំបន់ក្បែរៗភ្នំភ្លើង។

ដំបូងឡើយមនុស្សជាង៨០០នាក់ ត្រូវបានជម្លៀសចេញពីទីនោះ ទៅកាន់កោះកោះ Tagulandang ដែលនៅក្បែរខាង បន្ទាប់ពីការផ្ទុះលើក​ដំបូងនៃភ្នំភ្លើង Ruang កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ ទន្ទឹមគ្នា អាជ្ញាធរឥណ្ឌូណេស៉ី ក៏បានព្រមានពីលទ្ធភាពនៃការកើតមានឡើង នូវរលកស៊ូណាមិផងដែរ ដោយសារតែការផ្ទុះភ្នំភ្លើងនេះ។ ការព្រួយបារម្ភយ៉ាងដូច្នោះរបស់ពួកគេ គឺត្រូវបានជំរុញដោយបទពិសោធ កាលពីប៉ុន្មានឆ្នាំមុន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ភ្នំភ្លើងឈ្មោះ Anak Krakatoa ដែលស្ថិតនៅចន្លោះកោះ Java និង Sumatra បានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតដល់ថ្នាក់ធ្វើឱ្យភ្នំភ្លើងនោះ បាក់ស្រុតដីមួយផ្នែកធំចូលទៅក្នុងផ្ទៃសមុទ្រ ជាហេតុបណ្តាលឱ្យមានរលកយក្សស៊ូណាមិ ដែលបានផ្តាច់ជីវិតមនុស្សជាង ៤០០នាក់ និងបង្កឱ្យរបួសរាប់ពាន់នាក់ផ្សេងទៀត៕

.