(ព័រម៉ូរេសប៊ី)៖ រដ្ឋមន្រ្តីការបរទេសចិន រំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងដំណើរទស្សនកិច្ច នៅឯប្រទេសប៉ាអាស៉ីនូវែលហ្គីណេ (Papua New Guinea) នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មួយថ្ងៃមុនពេលនាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រូវទៅកាន់ទីនោះ ដើម្បីអបអរសាទរដល់ទំនាក់ទំនងការពារជាតិជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសប៉ាអាស៉ីនូវែលហ្គីណេ លោក Justin Tkatchenko បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សមភាគីចិនរបស់លោក គឺលោក Wang Yi នឹងមកដល់ប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ នៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ។ បើតាមលោក Tkatchenko ក្រុមមន្រ្តីបាននិងកំពុងធ្វើការ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងត្រូវចុះហត្ថលេខាអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោក Wang។

លោក Tkatchenko បានឱ្យដឹងបន្ថែមថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese ក៏នឹងមកបំពេញទស្សនកិច្ច នៅប៉ាអាស៉ីនូវែលហ្គីណេ ផងដែរដើម្បីរំលឹកដល់ទិវាចងចាំ ANZAC ជាថ្ងៃដែលទាហានអូស្ត្រាលី និងអ្នកប្រយុទ្ធរបស់ ប៉ាអាស៉ីនូវែលហ្គីណេ ប្រកៀកស្មាគ្នាដើរកាត់ព្រៃ អំឡុងសម័យសង្គ្រាមលោកលើកទីពីរ។ លោក Albanese នឹងមកដល់ប៉ាអាស៉ីនូវែលហ្គីណេ នៅប៉ុន្មានថ្ងៃក្រោយ លោក Wang ហើយនឹងធ្វើដំណើរទៅចូលរួមពិធីរំលឹកជាផ្លូវការក្នុងទីក្រុង Isurava នៅថ្ងៃទី២៥ ខែមេសា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់ទាំងពីរនេះ សបញ្ជាក់ពីការប្រកួតប្រជែងឥទ្ធិពលរវាងចិន និងអូស្រ្តាលីដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសដីកោះនៃតំបន់ប៉ាស៉ីហ្វិក ដែលមានទីតាំងជាយុទ្ធសាស្ត្រ។ ប៉ាអាស៉ីនូវែលហ្គីណេ ដែលស្ថិតនៅតែចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងជើងនៃប្រទេសអូស្រ្តាលី មើលឃើញខ្លួនឯងថាជារនាំងរវាងតំបន់អាស៉ី និងមហាសមុទ្រប៉ាស៉ីហ្វិក ហើយកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន និងកិច្ចព្រមព្រៀងការពារជាតិ ដែលផ្តល់ឱ្យយោធាអាមេរិក អាចចូលទៅកាន់កំពង់ផែ និងព្រលានយន្តហោះរបស់ខ្លួន៕