(វ៉ាសូវី)៖ លោក Andrzej Duda ប្រធានាធិបតីនៃប្រទេសប៉ូឡូញ បាននិយាយថា លោកបានជួបអតីតប្រធានាធិបតីអាមេរិក លោក Donald Trump អំឡុងការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤។

លោក Duda បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងញូវយ៉ក យ៉ាងដូច្នេះថា «ខ្ញុំត្រូវបាន លោក ត្រាំ អញ្ជើញឱ្យទៅអាផាតមិនផ្ទាល់ខ្លួនគាត់ ដើម្បីនិយាយគ្នា... នេះជាការជួបគ្នាលក្ខណៈឯកជនមួយ ទាក់ទងនឹងវត្តមានរបស់ខ្ញុំនៅទីនេះ ទីក្រុងញូវយ៉ក»។ ចំណែក សេចក្តីប្រកាសផ្លូវការមួយរបស់ លោក ត្រាំ បានឱ្យដឹងថា «លោក ត្រាំ បានរំលឹកឡើងវិញអំពី ដំណើរកម្សាន្តរបស់លោកទៅកាន់ប៉ូឡូញ កាលឆ្នាំ ២០១៧ ហើយសរសើរដល់ប្រជាជនប៉ូឡូញ ចំពោះការការពារអធិបតេយ្យភាព របស់ពួកគេយ៉ាងខ្ជាប់ខ្ជួន និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិសុខនៃព្រំដែនអឺរ៉ុប ពីការគំរាមកំហែង»។

គួរបញ្ជាក់ថា នៅក្នុងការអត្ថាធិប្បាយរិះគន់ ទៅលើការចំណាយវិស័យការពារជាតិរបស់សមាជិកណាតូ លោក ត្រាំ បានហៅ លោក Duda ថាជាមិត្តដ៏ល្អ។ មេដឹកនាំភាគច្រើននៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានសម្តែងក្តីបារម្ភយូរមកហើយ ជុំវិញតំណែងប្រធានាធិបតីអាមេរិក ថាប្រសិនបើលោក ត្រាំ វិលមកកាន់តំណែងម្តងទៀត នោះមានន័យស្មើនឹងហានិភ័យ នៃការបាត់បង់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រទេសជិតខាងរបស់ ប៉ូឡូញ គឺអ៊ុយក្រែន និងសម្ព័ន្ធមិត្តយោធាណាតូ៕