(ញូវយ៉ក)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Taro Aso ជាឥស្សរជនខ្ពស់ម្នាក់នៅក្នុងជួរគណបក្សកាន់អំណាចសព្វថ្ងៃនៅជប៉ុន បានជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៣ ខែមេសា ដោយធ្វើឱ្យលោកក្លាយជាសម្ព័ន្ធមិត្តចុងក្រោយបំផុតមួយរបស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមបង្កើតទំនាក់ទំនងជាមួយ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Taro Aso មានអាយុ៨៣ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធានគណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម (LDP) បានចូលក្នុងអគារ Trump Tower ក្នុងសង្កាត់ Manhattan ទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃអង្គារ និងបានជួបជាមួយលោក ដូណាល់ ត្រាំ រយៈពេលមួយម៉ោង។ លោក ត្រាំ នៅពេលនាំលោក Aso ដើរចូលក្នុងអគាររបស់លោក បានលើកឡើងថាលោក Aso គឺជាមនុស្សម្នាក់ដ៏គួរឱ្យគោរពនៅក្នុងប្រទេសជប៉ុន។ បើតាមសេចក្ដីរាយការណ៍របស់ក្រុមយុទ្ធនាការឃោសនារបស់អតីតប្រធានាធិបតីអាមេរិករូបនេះ លោក ត្រាំ និងលោក Aso បានពិភាក្សាគ្នាពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមជាមួយចិន និងកូរ៉េខាងជើង។

តាមសេចក្ដីថ្លែងការណ៍ដដែល លោក ត្រាំ ក៏បានកោតសរសើរជប៉ុនផងដែរដែលបានបង្កើនកញ្ចប់ថវិកាយោធា។ លោក Taro Aso ធ្លាប់កាន់តំណែងឧបនាយករដ្ឋមន្ត្រី នៅក្រោម រដ្ឋាភិបាលជប៉ុនរបស់អតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ដែលបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក នៅក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានស្ថិតនៅក្នុងទីក្រុងញូវយ៉ក ដើម្បីបង្ហាញខ្លួនក្នុងសវនាការមួយដែលក្រុមរដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់រូបលោកថាបានសូកលុយ ១៣០ ០០០ដុល្លារ បំបិតមាត់អតីតតារាថតកុនកូនជ្រូកនាង Stormy Daniels ដែលបានអះអាងថាខ្លួនមានទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ កាលពីជាង១០ឆ្នាំមុន ដើម្បីកុំឱ្យប៉ះពាល់ ដល់មុខមាត់របស់លោក អំឡុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។